ក្រុមហ៊ុន ប៊ីម៉ិច អ៊ីនវេសមិនគ្រុប ដែលចែកចាយផលិតផល U-Well បើកសម្ពោធជាផ្លូវការនៅកម្ពុជា
លោក ភុំ សុវណ្ណារ័ត្ន អគ្គនាយកក្រុមហ៊ុន ប៊ីម៉ិច បានមានប្រសាសន៍ថា ជារៀងរាល់ចុងឆ្នាំ យើងតែងតែរៀបចំកម្មវិធីជប់លៀងសម្រាប់តំណាងចែកចាយ ប៉ុន្តែសម្រាប់ឆ្នាំនេះយើងរៀបចំប្លែកខុសពីឆ្នាំមុនៗ ដោយសារយើងចង់រៀបចំកម្មវិធីនេះឡើង ដោយផ្សារភ្ជាប់ជាមួយនឹងកិច្ចការជួយដល់សង្គមផង និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរផងដែរ។
លោក ភុំ សុវណ្ណារ័ត្ន បានមានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីជប់លៀងថ្លែងអំណរគុណដល់តំណាងចែកចាយផលិតផល U-Well ដែលជាផលិតផលផ្តោតសំខាន់លើការថែរក្សាសក់ និងមហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដើម្បីមនុស្សធម៌ នាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅសាលអគារដ៏ធំស្កឹមស្កៃរបស់បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
នាឱកាសនេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានរៀបចំពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន ប៊ីម៉ិច អ៊ីនវេសមិនគ្រុប និងពិធីចុះហត្ថលេខារវាងលោក ភុំ សុវណ្ណារ័ត្ន និងកញ្ញាស្រី នា ដែលជាតារាល្បីនៅលើបណ្តាញសង្គមមួយរូប ធ្វើជាទូតសុឆន្ទៈរបស់ផលិតផល U-Well នៅកម្ពុជា។ លោក ភុំ សុវណ្ណារ័ត្ន បានមានប្រសាសន៍ឱ្យដឹងថា ផលិតផល U-Well មានទូតសុឆន្ទៈច្រើន ប៉ុន្តែថ្ងៃនេះ គឺជាការបន្ថែមកម្លាំងមួយទៀត ដើម្បីពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ជាពិសេសការលើកកម្ពស់ផលិតផលថ្មីនៅលើទីផ្សារ។
លោកអគ្គនាយកបន្តថា កន្លងមក ក្រុមហ៊ុន ប៊ីម៉ិច មានផលិតផលជាច្រើន មានដូចជាសាប៊ូកក់សក់ ក្រែមបន្ទន់សក់ សេរ៉ូម និងសាប៊ូសម្រាប់កូនក្មេងដែលទើបនឹងកើត រហូតដល់អាយុ៦ឆ្នាំ ហើយបច្ចុប្បន្នយើងបានបន្ថែមពីរផលិតផលទៀត គឺប្រូតេអ៊ីនជំនួយសក់ ជាមួយនឹងស្ពៃយ៍បាញ់បណ្តុះសក់ ដូច្នេះដើមឆ្នាំនេះ គឺផ្តោតសំខាន់លើផ្នែកសក់សុទ្ធ។
លោក ភុំ សុវណ្ណារ័ត្ន បន្ថែមទៀតថា ក្រៅពីការស្វែងរកប្រាក់ចំណូល ក្រុមហ៊ុនលោកក៏បានគិតគូរដល់ការជួយជ្រោមជ្រែងដល់សង្គមវិញផងដែរ តាមរយៈការចែករំលែកប្រាក់ចំណូលបានពីការលក់ផលិតផល ក្នុងនោះក្រុមហ៊ុនបានផ្តោតលើការផ្តល់ចំណេះដឹងផ្នែកសិល្បៈវប្បធម៌ដល់សិល្បៈករ សិល្បៈការិនីខ្មែរជំនាន់ក្រោយ មានដូចជាតារានៅលើបណ្តាញសង្គម Youtube, Tiktok និង Facebook ជាដើម ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនទីទល់ក្រទៅតាមលទ្ធភាពជាក់ស្តែង៕ ដោយ៖ ទីណា