តំណាង WHO នៅវៀតណាម ព្រមានពីការបំរែបំរួលវីរុសអូមីក្រុង ថ្មី ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី
ហាណូយ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម បានបន្លឺសំឡេងព្រមានប្រឆាំងនឹង Covid19 ដោយនិយាយថា វីរុសអូមីក្រុងប្រភេទថ្មី អូមីក្រុង អិចប៊ីប៊ី (Omicron XBB) ដែលរីករាលដាលកាន់តែងាយស្រួល អាចបង្កហានិភ័យខ្ពស់នៃការឆ្លងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យចូលថ្មី នៅប្រទេសវៀតណាម នាពេលខាងមុខ។
ជាមួយនឹងវត្តមានអូមីក្រុង អិចប៊ីប៊ី ដែលត្រូវបានគេជឿថា មានសមត្ថភាពគេចពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ហើយបានរកឃើញរួចហើយនៅក្នុងទីក្រុងហូជីមិញ និងខេត្ត តៃ និញ (Tay Ninh) ដែលនៅជិតនោះ លោកស្រី អេនជេឡា ប្រាដ (Angela Pratt) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបានព្រមានអំពីការកើនឡើងនៃការឆ្លងក្នុងអំឡុងពេលសម្រាកសប្តាហ៍ ចាប់ពីថ្ងៃទី ២០ ខែមករាដល់ ២៦ សម្រាប់បុណ្យចូលឆ្នាំថ្មី។
លោកស្រី អេនជេឡា ប្រាដ ត្រូវបានដកស្រង់សម្តីដែលបាននិយាយ នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា “ក្នុងរដូវវិស្សមកាលនេះ ពិតណាស់យើងចង់ឱ្យមនុស្សមានភាពសប្បាយរីករាយ និងរីករាយជាមួយពេលវេលាជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ប៉ុន្តែយើងក៏ជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នផងដែរ ដើម្បីមានសុខភាពល្អ និងសុវត្ថិភាព” ៕
ប្រភពពី VNexpress, ដោយ៖ សារ៉ាត