ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. អនុម័តលើការបន្តផ្ដល់ជំនួយ ដល់ស៊ីរីតាមច្រកតួកគី

អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៩ ខែមករា បានអនុម័តជាឯកច្ឆ័ន្ទក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាជនប្រមាណ ៤ លាននាក់ ដែលរស់នៅភាគពាយព្យនៃ ប្រទេស ស៊ីរី សម្រាប់រយៈពេលប្រាំមួយខែទៀត ហើយបាន ជៀសវាងការប៉ះទង្គិចគ្នាជាមួយរុស្ស៊ីលើបញ្ហានេះដូចសព្វដង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ដូចសព្វដងការអនុម័តពីក្រុមប្រឹក្សាដែលមានសមាជិក ១៥ ប្រទេស គឺត្រូវការជាចាំបាច់ ដោយសារអាជ្ញាធរស៊ីរីមិនយល់ ស្រប ចំពោះការធ្វើប្រតិបត្តិការមនុស្សធម៌ដូចពេលបច្ចុប្បន្ននេះទេ ព្រោះ ការផ្ដល់ជំនួយដែលរួមទាំងស្បៀងអាហារ ថ្នាំពេទ្យ និងទីជម្រក នោះ នឹងត្រូវចែកចាយទៅតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំង ស៊ីរី។

រឿងគួរឱ្យកត់សម្គាល់នោះគឺថា ទោះបីជាលោកខាងលិចតែងប៉ះ ទង្គិច ជាមួយរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនក៏ដោយ ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃចន្ទនេះ បានជៀសវាងការទាស់ទែង គ្នាជាមួយរុស្ស៊ី លើការព្រមព្រៀងចំពោះការផ្តល់ជំនួយទៅ ស៊ីរី តាមរយៈច្រកតួកគី។កាលពីខែកក្កដាឆ្នាំមុន ក្រុមប្រឹក្សាបាន បោះឆ្នោត បីដងរួចហើយ ហើយនៅទីបំផុតបានយល់ព្រម ពន្យារ ពេលពីរ ថ្ងៃ ដើម្បីឱ្យប្រតិបត្តិការផ្ដល់ជំនួយអាចបន្តទៅបាន ក្រោយការអនុញ្ញាតត្រូវផុតកំណត់។

អ្នកការទូតបានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា សមាជិកក្រុម ប្រឹក្សាបានយល់ព្រមក្រៅផ្លូវការលើចំណុចដែលអនុញ្ញាតឱ្យបន្តប្រតិបត្តិការរយៈពេលប្រាំមួយខែទៀត ខណៈការអនុញ្ញាតប្រតិបត្តិ ការជំនួយរបស់អ.ស.ប. បច្ចុប្បន្ន នឹងត្រូវផុតកំណត់នាថ្ងៃអង្គារ នេះ។
ឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប. របស់រុស្ស៊ី លោក Vassily Nebenzia បានពណ៌នាថា វាជាការសម្រេចចិត្តដ៏លំបាក ក្នុងការគាំទ្រសេចក្ដីសម្រេចចុងក្រោយ ហើយវាមិនមែនជាការ ផ្លាស់ប្តូរនៅក្នុងជំហររបស់រុស្ស៊ីនោះទេ។

គួរបញ្ជាក់ថា រុស្ស៊ីដែលអ្នកគាំទ្រដ៏ធំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងសង្រ្គាមស៊ីវិលដែលចាប់ផ្តើមក្នុងឆ្នាំ ២០១១ បានអះអាងថា ប្រតិបត្តិការផ្តល់ជំនួយបច្ចុប្បន្នរំលោភ លើ ដែនអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។

ក្នុងរឿងនេះ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានសង្កត់ ធ្ងន់កាលពីថ្ងៃចន្ទថា ការបន្តប្រតិបត្តិការរយៈពេល១ឆ្នាំគឺចាំបាច់ នៅពេលដែលក្រុមប្រឹក្សាសន្តិសុខពិចារណាលើបញ្ហានេះនៅក្នុងខែកក្កដា។
គួររំឭកថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដំបូងឡើយបានអនុញ្ញាត ឱ្យផ្តល់ ជំនួយទៅកាន់តំបន់កាន់កាប់ដោយក្រុមប្រឆាំងនៃ ប្រទេស ស៊ីរីក្នុងឆ្នាំ២០១៤ តាមរយៈច្រកដឹកជណ្ជូននៃប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី និងពីរ ច្រកនៅតួកគី ប៉ុន្តែរុស្ស៊ី និងចិន ប្រឆាំងទាមទារ ឱ្យប្រតិបត្តិការដឹកជញ្ជូននេះធ្វើឡើងត្រឹមតែច្រកព្រំដែនតួកគីមួយប៉ុណ្ណោះ។
រុស្ស៊ីលើកឡើងថា ជំនួយបន្ថែមទៀតគួរតែបញ្ជូនតាមរយៈ រដ្ឋាភិបាល ស៊ីរីដោយផ្ទាល់ ប៉ុន្តែក្រុមអ្នកប្រឆាំងលោក Assad ព្រួយបារម្ភថា ស្បៀងអាហារ និងជំនួយផ្សេងទៀត នឹងធ្លាក់ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

អ្នកនាំពាក្យអ.ស.ប. លោក Stephane Dujarric បាននិយាយ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃចន្ទថា៖ «អង្គការសហប្រជាជាតិ ប្តេជ្ញាបន្តគ្រប់មធ្យោបាយដើម្បីផ្តល់ជំនួយ និងការការពារ តាមរយៈ ផ្លូវដែលមានសុវត្ថិភាព និងដោយផ្ទាល់ ហើយមានប្រសិទ្ធភាព បំផុត» ៕
ដោយ៖ហួន ឌីណា
ប្រភព៖ UN extends aid to Syria from Turkey, avoids Russia fight

ads banner