សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ព្រះមហាក្សត្រកម្ពុជា អញ្ជើញប្រធានាធិបតីម៉ាល់ឌីវ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពិសេសអំឡុងពេលកម្ពុជា បើកព្រឹត្តិការណ៍ស៊ីហ្គេម

ម៉ាល់ឌីវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដល់ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយនឹងការអញ្ជើញឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលកម្ពុជា បើកព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភា ខាងមុខនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល ៣ ថ្ងៃ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមយកឱកាសនេះ ថ្លែងជាថ្មីអំពីការសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា អមដោយការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី សម្រាប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនអាចធ្វើទៅបាន គឺអញ្ជើញទស្សនកិច្ចនៅក្នុងពេលកម្ពុជាបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅក្នុងខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ក៏បានលើកឡើងដែរថា ប្រទេសម៉ាល់ឌីវ ជាតំបន់ដ៏គួរឱ្យទាក់ទាញមួយ ហើយសម្តេច ចង់ឱ្យតំបន់តារាសាគរកម្ពុជា អភិវឌ្ឍន៍ដូចមាត់សមុទ្រម៉ាល់ឌីវ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ សម្តេចតេជោ នាយករដ្ឋមន្ត្រី សង្ឃឹមថា សមាជិកអាស៊ានទាំងអស់ នឹងទទួលយកម៉ាល់ឌីវ ជាដៃគូរបស់អាស៊ាន។ សម្តេច ក៏សង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) នៅពេលខាងមុខ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner