ចំនួនប្រជាជនចិន ធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៦១
ប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់ថា ចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះប្រហែល ៨៥០,០០០នាក់កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦១ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៦១។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានប្រកាសនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា តួលេខសរុបនៃប្រជាជនចិនដីគោកមានចំនួនប្រមាណជាងមួយពាន់បួនរយលាននាក់ គិតត្រឹមដំណាច់ឆ្នាំ ២០២២។
ពេលវេលាចុងក្រោយដែលចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះ គឺនៅឆ្នាំ ១៩៦០ និង ១៩៦១ ជាពេលដែលគោលនយោបាយ “មហាលោតផ្លោះ” បានបរាជ័យ ហើយមនុស្សជាច្រើនបានស្លាប់ដោយសារគ្រោះទុរ្ភិក្ស។
ប្រទេសចិនបានបញ្ចប់គោលនយោបាយកូនតែមួយរបស់ខ្លួននៅឆ្នាំ ២០១៦ បន្ទាប់ពីជួបបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាសាស្ត្រដែលមានអាយុចាស់យ៉ាងឆាប់រហ័ស។
ចាប់តាំងពីឆ្នាំ ២០២១ ប្រជាជនចិនត្រូវបានអនុញ្ញាតឱ្យមានកូនរហូតដល់បីនាក់។ប៉ុន្តែអត្រាកំណើតនៅតែមានកម្រិតទាប ដោយសារការចំណាយខ្ពស់ ក្នុងការចិញ្ចឹមគ្រួសារ និងការផ្លាស់ប្តូរទស្សនៈអំពីអាពាហ៍ពិពាហ៍ និងការមានកូន។
ជំរុញដោយការកើនឡើងចំនួនប្រជាជនរបស់ខ្លួន ប្រទេសចិនបានកើនឡើងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប៉ុន្តែអ្នកសង្កេតការណ៍និយាយថា ប្រសិនបើចំនួនប្រជាជនបន្តធ្លាក់ចុះ នោះកំណើនសេដ្ឋកិច្ចរបស់ចិនអាចនឹងរងផលប៉ះពាល់ផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា