GDP របស់ប្រទេសចិន កើនឡើងយឺតត្រឹមតែ ៣.០ភាគរយ ក្នុងឆ្នាំ ២០២២ ទាបជាងការព្យាករចំនួន ៥.៥ភាគរយ
ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងយឺតត្រឹម ៣ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២២ ដោយតួលេខនេះទាបជាងគោលដៅ ៥.៥ភាគរយដែលព្យាករដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

រដ្ឋាភិបាលចិនបានប្រកាសពីតួលេខផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ កំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ គឺយឺតបំផុតចាប់តាំងពីឆ្នាំ ២០២០ នៅពេលដែលឥទ្ធិពលនៃមេរោគរាតត្បាតរីករាលដាលជាលើកដំបូង។

គោលនយោបាយគ្មានមេរោគឆ្លង (Zero-Covid) របស់ប្រទេសចិនក្នុងឆ្នាំ ២០២២ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារការរឹតបន្តឹងចលនារបស់ប្រជាជន។
ជាក់ស្តែង ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងត្រឹមតែ ២.៩ភាគរយប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២២។

ប្រភពគោលនយោបាយបានបង្ហើបឱ្យដឹងថា ប្រទេសចិនទំនងជាមានគោលដៅសម្រេចកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៥ភាគរយនៅក្នុងឆ្នាំ ២០២៣នេះ ដើម្បីរក្សាគម្របនៃភាពអត់ការងារធ្វើ៕


ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា