ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដែលជាដៃគូនៃកិច្ច ព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយសម្រេចបានជាង៣១ពាន់លានដុល្លារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាង ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានតម្លៃទឹកប្រាក់សរុប ៣១ ០៣១ លានដុល្លារ ។ទំហំនេះកើនឡើង៤ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា ការនាំចេញរបស់ កម្ពុជា តាមរយៈកិច្ចព្រមព្រៀង «ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយក្នុងតំបន់»ឬ RCEP មានតម្លៃទឹកប្រាក់សរុប ៦ ៣៤៤ លានដុល្លារ កើនឡើង៧ភាគរយ ខណៈដែលការនាំចូលវិញ មានតម្លៃទឹក ២៤ ៦៨៧ លានដុល្លារ កើនឡើង៣ភាគរយ បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួង ពាណិជ្ជកម្ម បានប្រាប់ថា ក្នុងរយៈពេលមួយឆ្នាំ ដែលកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន បានធ្វើឱ្យកំណើននៃការនាំចេញ និងទំហំពាណិជ្ជកម្មកម្ពុជាជាមួយ ប្រទេសដែលជាសមាជិករបស់ RCEP ទាំង១៥ បានកើនឡើងគួរឱ្យ កត់សម្គាល់។
ឯកឧត្តមបានបន្ថែមថា ត្រីមាសទី៣ និងត្រីមាសទី៤ កំណើននៃអ្នក នាំចេញប្តូរមកប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ មានការ កើនឡើងច្រើន តាមរយៈការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ តាមប្រភេទ របស់RCEP ឬ CCFTA ។

ឯកឧត្តមបញ្ជាក់ថា៖« ដើម្បីជំរុញឱ្យអ្នកនាំចេញ ធ្វើការនាំចេញ ដោយប្រើប្រាស់អត្ថប្រយោជន៍ នៃព្រមព្រៀងRCEP ក៏ដូចជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ក្រសួងពាណិជ្ជកម្ម បាន ធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបានចេញនូវសៀវភៅមួយ ដែលបង្ហាញនូវអត្ថប្រយោជន៍ និងវិធីនៃការទាញយកអត្ថ ប្រយោជន៍ បានជាអតិបរមា ស្តីពីការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយធ្វើការប្រៀបធៀបគ្នាពីអត្រាពន្ធទូទៅ និងអត្រាពន្ធដែលមិន មានភាពអនុគ្រោះ ដើម្បីឱ្យអ្នកនាំចេញធ្វើការជ្រើសរើស»។

ឯកឧត្តមបានបន្ថែមថា អ្នកនាំចេញអាចពិនិត្យមើលនូវលក្ខខណ្ឌ តម្រូវ ផ្សេងៗទៀត ដូចជាវិធានប្រភពដើមទំនិញ វិធានអនាម័យ និងភូតគាមអនាម័យ និងលក្ខខណ្ឌបច្ចេកទេសផ្សេងទៀតស្តីពី ស្តង់ដារ ក្នុងការទាញយក និងផ្តល់ភាពងាយស្រួលដល់ការនាំចេញ។
អ្នកជំនួញនិងអ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ថា កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបាន ចូល ជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយបានអនុវត្តក្នុង រយៈពេលមួយឆ្នាំមកនេះ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកនូវការផលិតកម្ម ទាក់ទាញ វិនិយោគិន និងលើកកម្ពស់ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងបណ្តា ប្រទេសជាដៃគូឱ្យកើនឡើងបន្ថែមទៀត។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែ ច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀង RCEP ក៏ដូចជាកិច្ចព្រមព្រៀងដទៃទៀត គឺជាការជំរុញឱ្យមានកំណើន នៃការ នាំចេញ និងនាំចូលទំនិញកាន់តែល្អប្រសើរឡើង ជាមួយបណ្តា ប្រទេស ជាដៃគូ ដែលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។
ទោះជា យ៉ាង ណាក៏ដោយ លោកបន្ថែម ការនាំចេញរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងនេះ ហាក់នៅមានកម្រិតនៅឡើយ។ហើយ ដើម្បីជំរុញឱ្យទំនិញរបស់កម្ពុជា អាចនាំចេញបានកាន់តែ ច្រើន តាមរយៈកិច្ចព្រមព្រៀងRCEP នេះ លោក ដារ៉ា បានបញ្ជាក់ថា៖« ដោយសារកម្ពុជា ជាប្រទេសផលិតកសិផលបានច្រើន ដូចនេះ បើសិនជាយើងជំរុញការកែច្នៃ ផលិតផលកសិកម្ម ដើម្បីនាំចេញ តាមរយៈកិច្ចព្រមព្រៀងនេះ ច្បាស់ណាស់ កំណើនសេដ្ឋកិច្ច របស់កម្ពុជា នឹងប្រសើរឡើងទៅតាមនោះដែរ»។

ចំណែកលោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យ សភាកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀង RCEP បានតួនាទីសំខាន់ ក្នុងការធ្វើជាចលករជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យដើរទៅមុខ តាមរយៈ កំណើននៃការវិនិយោគ និងកំណើននាំចេញ។ប៉ុន្តែ បើមើលទៅ តាមទិន្នន័យស្ថិតិពាណិជ្ជកម្ម កម្ពុជា និងប្រទស RCEP ឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះ តិចជាងការនាំ ចូលមកវិញ។
លោកបានបញ្ជាក់ថា៖« ដោយសារតែកម្ពុជា ជាប្រទេសកំពុង អភិវឌ្ឍន៍ ដូចនេះមានតម្រូវការខ្ពស់ចំពោះវត្ថុធាតុដើមផ្សេង ដើម្បីបម្រើឱ្យការកែច្នៃ និងសាងសង់ជាដើម ដែលត្រូវយក មកប្រើប្រាស់នៅតាមរោងចក្រសហគ្រាសនានា។ នៅក្នុងរបបទីផ្សារសេរី មិនមានការកំណត់ពីចំនួននាំ ចេញ ឬនាំចូលនោះ ឱ្យបណ្តាប្រទេសជាសមាជិកទាំងនោះមាន សមត្ថភាពផលិត សម្រាប់ការនាំចេញបានកាន់ប្រសើរ ដើម្បីបំពេញសេចក្តីការរបស់ប្រទេសដែលមានតម្រូវការខ្ពស់»។
លោកបានបន្ថែមថា ដើម្បីជំរុញឱ្យការនាំចេញរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀង RCEP ឬកិច្ចព្រមព្រៀងដទៃទៀត ឱ្យបានជាអតិបរមា កម្ពុជា គួរដឹងឱ្យច្បាស់ពីសក្តានុពលរបស់ខ្លួន ដូចជាវិស័យកសិកម្ម ដូចនេះយើងគួរចាប់ផ្តើមពង្រឹងវិស័យកសិកម្ម ជាពិសេសជំរុញការនាំចេញផលិតផលកសិកម្មដែលកែច្នៃរួច ឱ្យបាន ច្រើន ជាងផលិតផលស្រស់ ដើម្បីទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួនប្រទេស១៥ មានដូចជា ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និង នូវែលសេឡង់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៕
ដោយ៖វណ្ណ សុជាតា

ads banner