ជប៉ុនទទួលបានភ្ញៀវទេសចរបរទេសជាង ៣.៨លាននាក់ក្នុងឆ្នាំ ២០២២
តូក្យូ៖ ចំនួនភ្ញៀវទេសចរបរទេសហូរចូលប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ បានហក់ដល់ ៣.៨៣លាននាក់ កើនឡើង ១៥ដង បើធៀបនឹងឆ្នាំមុន បន្ទាប់ពីការបន្ធូរបន្ថយជាដំណាក់កាល នៃការរឹតបន្តឹងព្រំដែនទប់ស្កាត់ជំងឺកូវីដ១៩។
នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។

អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបញ្ជាក់ថា ទោះបីជាមានការកើនឡើងចំនួនភ្ញៀវទេសចរបរទេសក៏ដោយ ក៏តួលេខកាលពីឆ្នាំមុននៅតែទាបជាង ៨៨ភាគរយ បើធៀបនឹងកម្រិតខ្ពស់បំផុតដែលមានរហូតដល់ ៣១.៨៨លាននាក់ មុនផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំ ២០១៩។

តួលេខនេះបានកើនឡើងជាបណ្តើរៗ ចាប់តាំងពីប្រទេសជប៉ុនបានដកការហាមឃាត់ចេញ-ចូលប្រចាំថ្ងៃ និងបានបន្តការចូលដោយគ្មានទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរម្នាក់ៗក្នុងខែតុលាឆ្នាំមុន។ អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បន្ថែមថា គិតក្នុងខែធ្នូតែមួយប៉ុណ្ណោះ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុនមានចំនួន ១.៣៧លាននាក់ ដែលនេះជាការកើនឡើងគួរឱ្យកត់សម្គាល់។
អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរបរទេសបានចំណាយ ៥៩៥.២ពាន់លានយ៉េន ឬប្រហែល ៤.៥៤ពាន់លានដុល្លារនៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២២៕



ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា