មន្រ្តីសុខាភិបាលជំរុញឱ្យពលរដ្ឋធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងដើម្បីសង្គ្រោះ និងព្យាបាលទាន់ពេលវេលា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានលើក ឡើងពីអត្ថប្រយោជន៍នៃការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯង ក្នុងករណីសង្ស័យថាឆ្លងវីរុសកូវីដនេះថា ជាការជួយសង្គ្រោះ និងមានការថែទាំព្យាបាលខ្លួនឯងឱ្យ បានទាន់ពេលវេលា។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានរំលឹកកាលពីថ្ងៃទី១៨ ខែមករា ថាបច្ចុប្បន្ន វីរុសកូវីដ ១៩ មិនទាន់ទៅណាឆ្ងាយនោះទេ ហើយពពួកអូមី ក្រុងបំប្លែងខ្លួនថ្មីៗ ក៏កំពុងតែចរាចរនៅលើសាកលលោក និងនៅក្នុងតំបន់ផងដែរ។ ដើម្បីជួយដល់ការថែទាំសុខភាព និងព្យាបាលបានទាន់ពេលវេលា ព្រមទាំងការពារផល ប៉ះពាល់សុខភាព ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ប្រសិនបើលោកអ្នក មានរោគសញ្ញាសង្ស័យ សូមកុំភ្លេចប្រញាប់ធ្វើតេស្ដរហ័ស ដោយខ្លួនឯង ដើម្បីពិនិត្យរកវត្តមានវីរុសកូវីដ១៩ ឱ្យបាន លឿន។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្នុងករណីដែលរកឃើញថា មានវិជ្ជមានវីរុសកូវីដ១៩ ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីគេ ចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ ហើយធ្វើការថែទាំ និងព្យាបាលខ្លួន ឱ្យបានឆាប់រហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយបានជាអតិប្បរិមានូវការចម្លងបន្ត និងការសម្រាកព្យាបាលនៅ មន្ទីរពេទ្យដោយភាពធ្ងន់ធ្ងរ ព្រមទាំងអាចសន្សំសំចៃថវិកាពីការចំណាយការថែទាំព្យាបាលជំងឺធ្ងន់ផងដែរ។

លោកជំទាវបានដាស់តឿនទៀតថា នាឱកាសសែនដូនតា និងចូលឆ្នាំប្រពៃណីជាតិ ខ្មែរខាងមុខនេះ ប្រជាពលរដ្ឋទាំង អស់បន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនពី ការចម្លងវីរុសកូវីដ១៩ ដោយអនុវត្តជាចាំបាច់នូវ ៣ការពារ និង៣កុំ និងបន្តទៅទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសជំរុញ នៅពេលដល់វេន ឱ្យបានត្រឹមត្រូវតាមពេលវេលា។
លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «សូមកុំភ្លេច ការធ្វើតេស្តរហ័ស ដោយខ្លួនឯង គឺជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ និង ព្យាបាល បានទាន់ពេលវេលា ធ្វើតេស្តរហ័ស និងព្យាបាល រហ័ស ជាមធ្យោបាយដ៏ល្អជួយអាយុជីវិតលោកអ្នកពី ស ត្រូវអត់ស្រមោល កូវីដ១៩»។
ទន្ទឹមនឹងនេះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាស ចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារ សាងសង់ នាថ្ងៃទី១៩ ខែមករា សម្ដេចនៅតែបន្តក្រើនរំលឹក ឱ្យប្រជាពលរដ្ឋបន្តការការពារពីកូវីដ ដោយសារវានៅតែមាន ប៉ុន្តែដោយសារការគ្រប់គ្រងបានល្អ ទើបមិនមានការឆ្លងច្រើន ដូចមុនឡើយ។

សម្ដេចតេជោក៏បញ្ជាក់ដែរថា ៖ «ផលលំបាកនាពេលកន្លងមក បានផ្តល់មេរៀនឱ្យយើងថាយើងត្រូវមានសមត្ថភាពគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា ប្រសិនបើមានការផ្ទុះឡើង វិញ នូវការឆ្លងណាមួយកើតឡើងនោះ។ បញ្ហាសុខភាពប្រជាជនគឺជាគោលដៅចម្បងមួយក្នុងចំណោមគោលដៅអាទិភាពដែលយើងត្រូវដោះស្រាយបញ្ហានេះសម្រាប់ការពិនិត្យ និងព្យាបាលប្រជាជនរបស់យើង»។
សូមបញ្ជាក់ផងដែរថា អគារ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មាន ចំនួន១១ អគារ ដែលមន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ស្ថាបនា ដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC .co,Ltd សហការជា មួយសាលារាជធានីភ្នំពេញ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹង បញ្ចប់ការ សាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅ ខែ មិថុនាឆ្នាំ២០២៣ ដែលមកដល់ពេលនេះសាងសង់បាន ប្រមាណ ៨០ ភាគរយហើយ៕
ដោយ៖នាង សុគន្ធា

ads banner