រុស្ស៊ីចោទលោកខាងលិចថា កំពុងព្យាយាមដោយបើកចំហរ ដើម្បីរារាំងការអភិវឌ្ឍន៍ រដ្ឋសហភាពរុស្ស៊ី-បេឡារូស

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បាននិយាយនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បណ្តាប្រទេសលោកខាងលិចបាននិងកំពុងព្យាយាមដោយបើកចំហរ ដើម្បីរារាំងការអភិវឌ្ឍន៍នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារូស។

លោក ឡាវរូវ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីបេឡារូស លោក សឺហ្គៃ អាឡេនីគ នៅរដ្ឋធានីមីនស្ក៍ របស់ប្រទេសបេឡារូសថា ប្រទេសជិតខាងលោកខាងលិចរបស់យើង បានប្រកាសដោយបើកចំហរនូវគោលបំណងរបស់ពួកគេ ក្នុងការរារាំងការអភិវឌ្ឍន៍នៃរដ្ឋសហភាពរបស់យើង។

លោកថា លោកខាងលិចកំពុងព្យាយាមញុះញង់ឱ្យមានការប្រឆាំងក្រៅប្រព័ន្ធ ដែលកំពុងធ្វើការនៅបរទេសប្រឆាំងនឹងផលប្រយោជន៍របស់បេឡារូស-រុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ឡាវរូវ ក៏បានជួបជាមួយប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូវ ផងដែរ ហើយបានចូលរួមក្នុងកិច្ចប្រជុំរួមនៃក្រសួងការបរទេសរុស្ស៊ី និងបេឡារូស។

ទន្ទឹមគ្នា រុស្ស៊ី និងបេឡារូសក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអន្តររដ្ឋាភិបាល ស្តីពីការធានាសុវត្ថិភាពជីវសាស្រ្ត បន្ថែមពីលើឯកសារមួយចំនួនទៀតស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

បើតាមក្រសួងការបរទេសរុស្ស៊ី លោក ឡាវរូវ បានបញ្ជាក់ថា អនុស្សរណៈនេះមានសារៈសំខាន់ក្នុងការពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ក៏ដូចជាការទប់ទល់នឹងការគំរាមកំហែងជីវសាស្រ្តដែលកើតឡើងពីរដ្ឋ និងអង្គការលោកខាងលិច៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner