សមយុទ្ធជាមួយរុស្ស៊ី បង្កការរិះគន់ចំពោះអាហ្រ្វិកខាងត្បូង ដែលប្រកាន់ជំហរអព្យាក្រឹតជុំវិញសង្រ្កាមនៅអ៊ុយក្រែន
អាហ្រ្វិក៖កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅយោធាអាហ្វ្រិក ខាងត្បូង បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាជាមួយចិន និងរុស្ស៊ី នៅខែកុម្ភៈខាងមុខ ដែលជាការបង្ហាញយ៉ាងជាក់ច្បាស់ថា ប្រទេសអាហ្វ្រិកដ៏មានជាងគេមួយនេះកំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយក្រុងមូស្គូ ចំពេលដែលសង្រ្គាមឈ្លានពាន អ៊ុយក្រែនរបស់រុស្ស៊ីបន្តអូសបន្លាយ។
បញ្ហានេះបង្កឱ្យមានការរិះគន់លើរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងថា ធ្វើសកម្មភាពផ្ទុយទៅនឹងជំហរ «អព្យាក្រឹត» របស់ប្រទេសជុំវិញ សង្រ្គាមនៅអ៊ុយក្រែន ដោយថាគណបក្សដឹកនាំប្រទេស គឺបក្ស សមាជជាតិអាហ្រ្វិក (ANC) កំពុងតែក្លាយជាបក្ខពួករបស់រុស្ស៊ី។
បើតាមការប្រកាសរបស់កងកម្លាំងប្រដាប់អាវុធអាហ្រ្វិកខាងត្បូង យោធារបស់ប្រទេស និងកងទ័ពជើងទឹករុស្ស៊ី និងចិន នឹងរួមគ្នាធ្វើ «សមយុទ្ធដែនសមុទ្រពហុជាតិ» ចាប់ពីថ្ងៃទី ១៧-២៧ខែកុម្ភៈ នៅ ឆ្នេរសមុទ្រភាគខាងកើតរបស់អាហ្វ្រិកខាងត្បូង។
អ្វីគួរឱ្យកត់សម្គាល់នោះគឺថា សមយុទ្ធដែនទឹកនេះក៏នឹងប្រព្រឹត្តទៅ ចំថ្ងៃគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ហើយ គេរំពឹងថា វានឹងនាំមកនូវការយកទុកដាក់បន្ថែមទៀតលើការ បង្កើន ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅលើពិភពលោក និងជំហរបស់ អាហ្វ្រិក ខាងត្បូងក្នុងការចូលរួមជាមួយលោកខាងលិច ថ្កោល ទោស និងដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះសកម្មភាពយោធាដែល រំលោភលើដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ក្នុងនាមជា ប្រទេស នាំមុខគេនៅទ្វីបអាហ្រ្វិក។
ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុន ពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្វើដំណើរ ទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ហើយជួបពិភាក្សាជាមួយសម ភាគី អាហ្វ្រិកខាងត្បូង លោកស្រី Naledi Pandor។
ជុំវិញបញ្ហានេះ គណបក្សប្រឆាំងដ៏សំខាន់របស់អាហ្រ្វិកខាងត្បូង គឺបក្សសម្ព័ន្ធប្រជាធិបតេយ្យ បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះ នៃសមយុទ្ធ ដែលបញ្ចូលទាំងការដាក់នាវាចម្បាំងរុស្ស៊ី បង្ហាញពី ការជ្រើសរើសចូលបក្សពួកជាមួយរុស្ស៊ីរបស់គណបក្ស ANC។
សមាជិកសភាបក្សសម្ព័ន្ធប្រជាធិបតេយ្យ លោក Kobus Marais ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារស្រមោលរបស់បក្សប្រឆាំង មាន តួនាទីទទួលលើការត្រួតពិនិត្យគោលនយោបាយរបស់រដ្ឋាភិបាល បាននិយាយថា ៖ «ខណៈរដ្ឋាភិបាលរបស់យើងអះអាងថាខ្លួន មាន អព្យាក្រឹតភាព នេះគ្រាន់តែជារឿង (ការធ្វើសមយុទ្ធ)មួយផ្សេង ទៀតដែលបក្ស ANC បានលាតត្រដាងយ៉ាងច្បាស់នូវការ ចូលរួម ធ្វើជាគ្នារបស់រុស្ស៊ី។ តាមពិតទៅ បក្សកាន់អំណាចមួយនេះ មិន បាន ធ្វើអ្វី ក្រៅតែពីបង្ហាញ និងបញ្ជាក់អំពីកង្វះអព្យាក្រឹតភាពរបស់ រដ្ឋាភិបាលក្នុងករណីនេះនោះទេ (សង្រ្កាមនៅអ៊ុយក្រែន)»។
លោក Marais បានបន្តថា អាហ្រ្វិកខាងត្បូងប្រថុយនឹងការ បាត់បង់ជំហរអន្តរជាតិរបស់ខ្លួន ដោយប្រកាន់ចូលធ្វើជាគ្នា របស់ ប្រទេសដ៏ផ្ដាច់ការបំផុតរបស់ពិភពលោក។
ឆ្លើយតបទៅនឹងការរិះគន់ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងកន្លង មកបានទទូចថា ខ្លួននៅតែប្រកាន់ជំហរអព្យាក្រឹតចំពោះបញ្ហា នៅអ៊ុយក្រែន ដោយមិនចូលដៃ ឬគាំទ្រភាគីណាមួយនោះទេ ហើយអំពាវនាវឱ្យមានការសន្ទនា និងការចរចាការទូតដើម្បីបញ្ចប់ សង្រ្កាម។
ទោះបីបែបនេះក្ដី កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង (SANDF) ដែលរួមបញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ របស់ប្រទេស បានឱ្យដឹងថា សមយុទ្ធកងទ័ពជើងទឹកនៅ ខែកុម្ភៈ ខាងមុខនេះ នឹង «ពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួច ទៅហើយ រវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន»។ SANDF បានបន្ថែមថា គោលបំណងនៃសមយុទ្ធនេះគឺចែករំលែក ជំនាញប្រតិបត្តិការ និងចំណេះដឹងរវាងគ្នា និងគ្នា។
គួររំឭកថា អាហ្រ្វិកខាងត្បូង ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ព ជើងទឹកជាលើកដំបូងក្នុងឆ្នាំ ២០១៩ ប៉ុន្តែកាលពីលើកនោះ មិនសូវ ជា ទទួលបានការចាប់អារម្មណ៍ផ្នែកការទូតអន្តរជាតិ ប៉ុន្មាននោះទេ។ ទើបតែលើកនេះ សមយុទ្ធយោធារួមធ្វើឡើង ចំពេល ដែលសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ ដោយអ្នកវិភាគ ផ្នែកសន្តិសុខខ្លះយល់ឃើញថា វាអាចនឹងមានភាពសមហេតុផល ជាងនេះ ប្រសិនបើអាហ្រ្វិកខាងត្បូង ដែលប្រកាន់ជំហរអព្យាក្រឹត ពន្យារពេលសមយុទ្ធចុងក្រោយ។
កន្លងមកអាហ្រ្វិកខាងត្បូងក៏បានធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធរបស់ដៃគូលោកខាងលិចផងដែរ។ ចាប់តាំងពីឆ្នាំ ២០១១ មក អាហ្រ្វិកខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកចំនួនបួនដង ហើយចុងក្រោយបំផុតនៅខែកក្កដាឆ្នាំមុន។ មិន ត្រឹមតែប៉ុណ្ណោះ កងទ័ពជើងទឹករបស់អាហ្វ្រិកខាងត្បូង ក៏ធ្លាប់បាន ធ្វើសមយុទ្ធស្រដៀងគ្នាជាមួយអង្គការណាតូ ក៏ដូចជាប្រទេសជា សមាជិករបស់សម្ព័ន្ធភាពយោធានេះ រួមមាន៖បារាំង និងអាល្លឺម៉ង់ ផងដែរ។
ទោះយ៉ាងណាក៏ដោយ សមយុទ្ធរួមជាមួយរុស្ស៊ី និងចិនខាង នៅខែកុម្ភៈខាងមុខ ក៏រងការរិះគន់ពីអ៊ុយក្រែន ដោយ ឯកអគ្គរដ្ឋ ទូតអ៊ុយក្រែនប្រចាំអាហ្វ្រិកខាងត្បូង លោកស្រី Liubov Abravitova ថ្លែងប្រាប់វិទ្យុវីអូអេថា៖ «ខ្ញុំសូមសួរអ្នកថា តើ កងទ័ព(រុស្ស៊ី)ដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់ កងទ័ពដែល រំលោភសេពសន្ថវៈ និងជាឃាតករ អាចនាំអ្វីខ្លះដល់កងទ័ព អាហ្វ្រិក ខាងត្បូងជាតម្លៃបន្ថែម?»។
ចំណែកឯអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងព្រីតូរីយ៉ា លោក David Feldmann បានថ្លែងថា ផែនការសមយុទ្ធ របស់អាហ្រ្វិកខាងត្បូងបន្តទៅមុខ ទោះបីជាទីក្រុងមូស្គូនៅតែបន្ត ការឈ្លានពានអ៊ុយក្រែនយ៉ាងឃោរឃៅ និងខុសច្បាប់ក៏ដោយ។ នេះបើតាមការស្រង់សម្ដីរបស់កាសែតញូវយ៉កថែមស៍។
គួរបញ្ជាក់ថា ទោះបីជាអាហ្វ្រិកខាងត្បូងមានលោក ខាងលិចជា ដៃគូពាណិជ្ជកម្មដ៏សំខាន់ក្ដី ប្រទេសនេះមិនបានចូលរួម ថ្កោលទោស ឬដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការឈ្លានពានអ៊ុយ ក្រែននោះទេ។
ក្នុងការបោះឆ្នោតលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិចំនួនពីរលើកធំៗកាលពីឆ្នាំ ២០២២ ដែលរួម សេចក្ដីសម្រេចថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែននៅដើមខែមីនា និងចំពោះការធ្វើប្រជាមតិកាត់ទឹកដីអ៊ុយក្រែន ចំនួនបួនតំបន់នៅខែតុលា អាហ្វ្រិកខាងត្បូងស្ថិតក្នុងចំណោម ប្រទេសជាង ៣០ ដែលបោះឆ្នោតអនុប្បវាទ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបធ្លាប់សង្ឃឹមថា អាហ្វ្រិកខាង ត្បូងនឹងគាំទ្រការថ្កោលទោសជាអន្តរជាតិលើរុស្ស៊ី និងដើរតួជា មេដឹកនាំសម្រាប់ប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្វ្រិក។ ប៉ុន្តែផ្ទុយទៅវិញ កាលពីពាក់កណ្ដាលខែមីនាឆ្នាំមុន ប្រធានាធិបតី អាហ្វ្រិកខាងត្បូង និងជាប្រធានបក្សកាន់អំណាចសមាជជាតិ អាហ្រ្វិក លោក Cyril Ramaphosa បែរជាទម្លាក់កំហុស លើ អង្គការ ណាតូចំពោះការឈ្លានពានអ៊ុយក្រែន របស់រុស្ស៊ីទៅ វិញ។
ទោះបីជាបែបនេះក្ដី កាលពីខែកញ្ញា ប្រធានាធិបតី ចូ បៃដិន បាន ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាហ្វ្រិកខាងត្បូងនៅសេតវិមានកាលពីខែកញ្ញាដោយបានពិភាក្សាគ្នាពីចំណុចសំខាន់លើភាពខុសគ្នានៃជំហររបស់ប្រទេសទាំងពីរចំពោះសង្រ្គាមនៅអ៊ុយក្រែន។ បន្ថែមពីនេះ គេក៏ឃើញមានព្រឹត្តិការណ៍ការទូតសំខាន់ៗ ផ្សេងទៀត ដូចជាទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីងកែន ទៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុនជា ដើម។
គេមើលឃើញថា ជំហរអព្យាក្រឹតរបស់អាហ្រ្វិកខាងត្បូងលើបញ្ហា នៅអ៊ុយក្រែន គឺភាគច្រើនដោយសារតែការគាំទ្រដែលសហភាព សូវៀតបានផ្តល់ឱ្យក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ដល់គណបក្សសមាជជាតិអាហ្វ្រិករបស់លោក Ramaphosa ក្នុងការប្រយុទ្ធ ដើម្បីបញ្ចប់របបបែងចែងពូជសាសន៍ ដែលចប់នៅឆ្នាំ ១៩៩៤។
វាមិនមែនជារឿងកំបាំងនោះទេ ដែលគេមើលឃើញថា អាហ្វ្រិក ខាងត្បូងជាប្រទេសនាំមេមុខគេនៃបណ្តាប្រទេសអាហ្រ្វិកជាច្រើន ដែលនឹងមិនចូលដៃប្រឆាំងនឹងរុស្ស៊ី។ ក្រៅពីទំនាក់ទំនងយោធា ប្រទេសនេះមានទំនាក់ទំនងយ៉ាងសំខាន់លើវិស័យសេដ្ឋកិច្ចជាមួយក្រុងមូស្គូ ក្នុងនាមជាសមាជិកមួយនៃប្រទេសមាន សេដ្ឋកិច្ច លូតលាស់ BRICS ដែលរួមបញ្ចូលទាំងប្រេស៊ីល រុស្ស៊ី ចិន និង ឥណ្ឌា។
កន្លងមក អ្នកជំនាញបានព្រមានអំពីការកើនឡើងឥទ្ធិពល យោធា របស់រុស្ស៊ីនៅក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីប្រទេសនេះ កាត់ យកទឹក ដី គ្រីមៀរបស់អ៊ុយក្រែននៅឆ្នាំ ២០១៤។ គេមើលឃើញផងដែរថា អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ក៏ទទួលស្គាល់ ផងដែរពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនៅលើទ្វីប ដើម្បី ប្រឆាំងឥទ្ធិពលរបស់រុស្ស៊ី ក៏ដូចជាចិន ដែលបានចំណាយពេល ជាច្រើនទសវត្សរ៍ដើម្បីពង្រឹងខ្លួនលើទីផ្សារធនធានធម្មជាតិរបស់ទ្វីបអាហ្រ្វិក ក៏ដូចជាវិនិយោគពាន់លានដុល្លារ ក្រោមបទចោទ ប្រកាន់ របស់លោកខាងលិចថាជា «អន្ទាក់បំណុល»។
បន្ថែមពីលើនេះ អ្នកវិភាគខ្លះនិយាយថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្នុងសង្គ្រាមត្រជាក់ថ្មីមួយដែលមានប្រទេសផ្តាច់ការចិន និងរុស្ស៊ីនៅប៉ូលម្ខាង ហើយប្រទេសលទ្ធិប្រជាធិបតេយ្យលោក ខាងលិចនៅប៉ូលម្ខាង។ ការបែងចែកបែបនេះ ក៏កំពុងកើតមាន កាន់តែខ្លាំងឡើងនៅទ្វីបអាហ្រ្វិក ខណៈភាគីទាំងពីរ(ផ្ដាច់ការ និងសេរី) កំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលលើទ្វីបដែល មាន សារៈសំខាន់ទាំងយុទ្ធសាស្ត្រ និងនយោបាយ៕
ដោយ៖ហួន ឌីណា