ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ៖ ក្រុមហេគឃ័រកូរ៉េខាងជើង នៅពីក្រោយការលួចប្រាក់ក្រុមហ៊ុនគ្រីបតូអាមេរិកកាលពីឆ្នាំមុន

អាមេរិក៖ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ(អេហ្វប៊ីអាយ,FBI) បាននិយាយ កាលពីថ្ងៃទី២៣ ខែមករា ថា ក្រុមហេគឃ័រពីរក្រុមដែលមានទំនាក់ ទំនង ជាមួយកូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយការលួចប្រាក់ចំនួន ១០០ លាន ដុល្លារពីក្រុមហ៊ុនគ្រីបតូអាមេរិក Harmony កាលពីខែមិថុនាឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អេហ្វប៊ីអាយ បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ថា នៅថ្ងៃទី ១៣ ខែមករា ក្រុមទាំងពីរ ដែលរួមមាន Lazarus Group និង APT38 បានប្រើប្រាស់ ប្រព័ន្ធឯកជនភាពមួយឈ្មោះ Railgun ក្នុងប្រព័ន្ធគ្រីបតូ Ethereum ដើម្បីលាងប្រាក់ប្រមាណជាង៦០លានដុល្លារ ដែលត្រូវលួចយកទៅ ក្នុងអំឡុងប្រតិបត្តិការលួចនៅខែមិថុនា។ ទីភ្នាក់ងារដដែលបានបន្ថែមថា ក្រុមហេគឃ័របានបង្កកប្រាក់មួយចំនួនដែលបានលួច ដោយមានការសម្រប សម្រួលជាមួយអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិតមួយចំនួន ហើយបំប្លែងទៅជា ប្រាក់ប៊ីតឃញ។

អេហ្វប៊ីអាយ បានគូសបញ្ជាក់ដែរថា សកម្មភាពនៃការលួច និងការលាង លុយ របស់កូរ៉េខាងជើង ធ្វើឡើងដើម្បីបម្រើឱ្យកម្មវិធីមីស៊ីលផ្លោង និង អាវុធប្រល័យលោករបស់ខ្លួន។

គួររំឭកថា កាលពីខែមិថុនាឆ្នាំ មុន ក្រុមហ៊ុន Harmony ដែលមាន មូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានអះអាងថា ការវាយប្រហារ តាម អ៊ិនធឺណិតបានធ្វើឡើងលើប្រព័ន្ធផ្ទេរប្រាក់គ្រីបតូ Horizon Bridge របស់ខ្លួន។ រ៉យទ័រធ្លាប់បានរាយការណ៍ពីខែមិថុនា ដោយស្រ ង់សម្ដី ប្រភពពីក្រុមហ៊ុនស៊ើបអង្កេតថា ការវាយប្រហារនេះមានប្រភពពី អ្នកហេគឃ័រកូរ៉េខាងជើង។

ក៏គួរបញ្ជាក់ផងដែរថា Lazarus គឺជាក្រុមធ្វើប្រតិបត្តិការហេគដ៏ល្បីមួយ ដែលត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងក្នុងការកេងប្រវ័ញ្ចសំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មគ្រីបតូ ហើយត្រូវបានគេចោទប្រកាន់ ថា បាននៅពីក្រោយការលួចយកប្រាក់ ៦០០ លានដុល្លារក្នុងប្រព័ន្ធផ្ទេរប្រាក់ គ្រីបតូ Ronin Bridge កាលពីខែមីនាឆ្នាំមុន៕ ដោយ៖ ហួន ឌីណា

ads banner