ម្ចាស់មេដាយមាស ប៉ាល់ ឆរស្មី៖ បង្ហាញអារម្មណ៍ភ័យអរ ខណៈស៊ីហ្គេមនៅសល់ពេលតែ១០០ថ្ងៃ ទៀតប៉ុណ្ណោះ
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមករា គឺនៅសល់តែ១០០ថ្ងៃទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ខណៈម្ចាស់មេដាយមាសស៊ីហ្គេម នៅវៀតណាម ប៉ាល់ ឆរស្មី បានបង្ហាញនូវអារម្មរណ៍ភ័យអរ ក្នុងនាមជាកីឡាការិនីតំណាងអោយកម្ពុជា។

ប៉ាល់ ឆរស្មី បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា «ក្នុងនាមជាកីឡាការិនីជម្រើសជាតិ ក្នុងរយៈពេលរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានអារម្មណ៍ភ័យអរផង ព្រួយបារម្ភផង មិនខុសពីសិស្សជិតដល់ពេលប្រឡងនោះទេ។ ម្ចាស់មេដាយមាស និងសំរឹទ្ធកីឡាវ៉ូវីណាមរូបនេះ បន្តថា អារម្មណ៍មួយទៀតគឺកាន់តែមានកម្លាំងចិត្តកាន់តែមោះមុត ក្នុងការពញ្ញាក់ស្មារតីបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លា ជាមួយនឹងការប្តេជ្ញាចិត្ត បន្តការខិតខំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ក្នុងគោលដៅការពារមេដាយមាស ស៊ីហ្គេម លើកទី៣១ នៅវៀតណា ឲ្យបានសម្រាប់ការត្រៀមប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ាល់ ឆរស្មី បញ្ជាក់ទៀតថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ដើម្បីបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ សម្រាប់ខ្លួនឯង និងប្រទេសជាតិ នៅស៊ីហ្គេម-អាស៊ានប៉ារ៉ហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ»។ ម្ចាស់មេដាយមាស និងសំរឹទ្ធរូបនេះ បង្ហាញពីអារម្មណ៍របស់ខ្លួនទៀតថា «ក្នុងនាមជាកីឡាការិនីវ៉ូវីណាមកម្ពុជា ត្រៀមក្នុងនាមជាម្ចាស់ផ្ទះផង នាងខ្ញុំ នឹងជម្រុញទឹកចិត្តខ្លួនឯង និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ធ្វើយ៉ាងណាប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីកសាងកំណត់ត្រាថ្មីឲ្យសមតាមបំណងប្រាថ្នាដ៏ធំមួយទៀតជូនជាតិយើង»។

គួររំឭកថា កីឡាការិនីជម្រើសជាតិវ៉ូវីណាម ប៉ាល់ ឆរស្មី ដណ្តើមមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាក្រុមសម្តែងការពារខ្លួន ស្រី១ ប្រុស៣ មានអាវុធ រួមជាមួយកីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី និងមេដាយសំរឹទ្ធ ១គ្រឿង វិញ្ញាសាសម្តែងការពារខ្លួនគូនារី គ្មានអាវុធ ជាមួយកីឡាការិនី ពៅ សុខា៕



ចាន់ វិចិត្រ