សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យក្រសួងបរិស្ថាន បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងការរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យក្រសួងបរិស្ថាន បានរៀបចំការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងការរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។
ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត គឺបំផុសចលនាយុវជនឱ្យចូលរួមលើកកម្ពស់វប្បធម៌ចែករំលែក និងរួមគ្នាជាធ្លុងមួយក្នុងចលនាស្ម័គ្រចិត្ត ដើម្បីបុព្វហេតុកិច្ចមនុស្សមនុស្សធម៌ និងជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងស្មារតីមហាគ្រួសារខ្មែរ។
ការបរិច្ចាកឈាមជាកាយវិកាយមនុស្សធម៍ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ ដែលអាចចូលរួមចំណែកក្នុងការសង្គ្រោះអាយុជីវិតមនុស្សបាន ហើយនេះបានក្លាយជាទម្លាប់ល្អ ជាគុណធម៍ និងវប្បធម៍នៃការចែករំលែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ចំពោះអ្នកចូលរួមទាំងអស់ ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្លាប់បានអំពាវនាវដល់យុវវ័យ ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីគ្រប់មន្ទីរស្ថាប័នទាំងអស់ មេត្តាចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត ប្រជាជនដែលត្រូវការឈាម ដើម្បីធានានិងផ្គត់ផ្គង់ឈាមក្នុងស្តុកបានគ្រប់គ្រាន់ដល់អ្នកជំងឺ ព្រោះការផ្តល់ឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ៕
ដោយ / គ្រី សម្បត្តិ