បញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពជើងគោក រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារធានាភស្តុភាប្រចាំឆ្នាំ២០២២ ទិសដៅបន្តឆ្នាំ២០២៣
ខេត្តបាត់ដំបង៖ ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារធានាភស្តុភាប្រចាំឆ្នាំ២០២២ ទិសដៅបន្តឆ្នាំ២០២៣ ដែលរៀបចំឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពជើងគោក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់ជំនាញធានាភស្តុភា របស់យោធភូមិភាគទី៥ កងទ័ពជើងគោក ក្រោមការដឹកនាំរបស់ ឯកឧត្តម ឯក សំអូន និងការងារស្នូលដ៏សកម្ម ពីបណ្តា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ បានចូលរួមអនុវត្តន៍ជំនាញការងាធានាភស្តុភា បន្តលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កងទ័ព ក្នុងនោះរួមមាន ការរៀបចំចាត់ចែងការស្លៀកពាក់សមរម្យ កសាងជុំរុំជុំរកស្នាក់នៅ និងសុខមាលភាពជាដើម ពិសេសការបណ្តុះបណ្តាលយោធិនជំនាញជាគ្រូបង្គោលនៅក្នុងអង្គភាពរបស់ខ្លួន និងជ្រើសរើសយោធិន ដែលមានសមត្ថភាព ធនធានមនុស្សជានាយទាហានបន្តវេន រួមទាំងគំនិតកិច្ចសហការ និងចំណងទាក់ទងការងារ ឈានទៅធ្វើផែនការធានាភស្តុភាបម្រើដល់ជីវភាពកងទ័ពកាន់តែប្រសើរបន្ថែមទៀត ។
អញ្ជើញមានប្រសាសន៍បិទអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានគូសបញ្ជាក់ពីតួនាទី និងសារៈសំខាន់នៃការងារធានាភស្តុភានៅក្នុងកងយោធពលខេមរភូមិន្ទ ដែលបម្រើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ក៏ដូចជាការងារប្រចាំថ្ងៃផងដែរ។
ឯកឧត្តម ឯក សំអូន បានចូលរួមអបអរសាទរចំពោះសមិទ្ធផលការងារធានាភស្តុភារបស់យោធភូមិភាគទី៥ ទទួលបានលទ្ធផលផ្លែផ្កាគួជាទីមោទនៈ ។ ព្រមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីជោគជ័យ ក្នុងរយៈកាលឆ្នាំ២០២២ និងជាបទពិសោធន៍សម្រាប់ទិសដៅបន្តឆ្នាំ២០២៣ ដែលគ្រប់អង្គភាព និងយោធិនបានអនុវត្តន៏ធានាបានតាមរយៈការខិតខំដាំដុះបន្តបង្កើនផលចិញ្ចឹមសត្វផ្គត់ផ្គង់ផ្ទះបាយចិញ្ចឹមទ័ព និងឈានទៅចែកចាយលក់បន្តនៅលើទីផ្សារថែមទៀតផង។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងអំណរគុណដល់ក្រសួងការជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខដល់កងទ័ពគ្រប់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក និយាយរួម និងនិយាយដោយឡែកចំពោះអង្គភាពចំណុះយោធភូមិភាគទី៥ តាមរយះការផ្តល់ទំនុកបម្រុងរួមមាន៖ សម្ភារប្រើប្រាស់ ថវិកា ការកសាងជំរំជំរកស្នាក់នៅ គ្រឿងឧបភោគ បរិភោគ ដល់កងទ័ពជាប់ជាប្រចាំ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានសំណូមពរឲ្យបណ្តាអង្គភាព ជំនាញ នាយ-ពលទាហាន ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញភស្តុភា ត្រូវយកចំណេះដឹងយកមកប្រើប្រាស់ឲ្យអស់លទ្ធភាព និងចំគោលដៅ ពង្រឹងបានប្រៀបការពារជាតិបានរឹងមាំ និងសង្ឃឹមថាឆ្នាំ២០២៣ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ យកជាកម្លាំងកាយ និងស្មារតីខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕ ប្រភព ៖ កងទ័ព