ឯកឧត្តម លី ធុជ៖​ ពលរដ្ឋជិតបួនម៉ឺននាក់ ទទួលផលវិជ្ជមានពីសកម្មភាព ដោះមីនរបស់អង្គការ APOPO

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់របស់អាជ្ញាធរមីនបានឱ្យដឹងថាពលរដ្ឋជិតបួន ម៉ឺន នាក់ទទួលផលវិជ្ជមានពីសកម្មភាពដោះមីនរបស់អង្គការ APOPO។ នេះបើ តាមការបញ្ជាក់របស់អនុប្រធានទី ១ អាជ្ញាធរមីនកម្ពុជាឯកឧត្តម លី ធុច និងសមភាគី លោក Michael Raine ប្រធានអង្គការApopo ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិរបស់អង្គការ APOPO នៅទីស្នាក់ការអាជ្ញាធរមីនកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម លី ធុច កត់សម្គាល់ថា ការចូលរួមធ្វើបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម ពិតជាចំណែកសំខាន់ ជួយការកាត់បន្ថយអត្រា គ្រោះថ្នាក់នៅកម្ពុជា។លោកបន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងារ រាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤មក ខណៈសកម្មភាពនេះពិតជាបានចូលរួមក្នុងការរំដោះផ្ទៃ ដីជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចប្រកបការងារដោយសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ អង្គការ APOPO មានបុគ្គលិកសរុបចំនួន ៩៥រូប បានប្រតិបត្តិការរាវរកមីន និងគ្រាប់ដោយ ដោយប្រើប្រាស់សត្វកណ្តុរ និងសុនខ ក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិ ការយ៉ាងល្អជាមួយអង្គភាពស៊ីម៉ាក់ និងអង្គការ MAG។

ឯកឧត្តមបន្តថា៖« គិតត្រឹមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃ ដីចំនួន ២៣.០១១.៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋចំនួន ៣៨.០៦៩ នាក់ ឬស្មើនឹង ៨.៩២៨ គ្រួសារថែម ទៀត» ។

បើតាមជំនួបខាងលើបានឱ្យដឹងទៀតដែរថា អង្គការ APOPO គឺជា អង្គការ មិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោស សម្អាត មីនមនុស្សធម៌ដែលទទួលបានប័ណ្ណទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការពី អាជ្ញាធរមីនសម្រាប់អនុវត្តការងារបោសសម្អាតមីន/គ្រាប់ក្នុងប្រទេស កម្ពុជា។ ការប្រើប្រាស់សត្វកណ្តុរហិតរកមីន/គ្រាប់ អង្គការ APOPO ជាអង្គការទីមួយក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់វិធីសាស្ត្រនេះ ដែលសត្វកណ្តុរទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក។ បន្ថែមលើការប្រើប្រាស់សត្វកណ្តុរក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជា មួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល២៩ឆ្នាំ កន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ វិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាង សង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួនជាង៧លាននាក់។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី៤៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹម៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ។ ដោយមើលឃើញថា បញ្ហា មីននៅតែធ្វើឱ្យមានអ្នករងគ្រោះ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ខាងមុខ។

អាជ្ញាធរមីន និងតំណាងអង្គការ APOPO ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈការចូលរួមធ្វើសកម្មភាពរបស់ដៃគូរពាក់ព័ន្ធ ពិសេសការ ចូលរួមអង្គការអន្តរជាតិនាពេលនេះ នឹងជួយពន្លឿនឱ្យសម្រេច យុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីន នៅឆ្នាំ២០២៥»៕
ដោយ៖ សែម ពិសី

ads banner