ការរាប់ថយក្រោយ ១០០ថ្ងៃបង្ហាញពីកម្ពុជាត្រៀមខ្លួនរួចរាល់ដើម្បី ស្វាគមន៍អត្តពលិក និងប្រតិភូទាំងអស់ មកចូលរួមស៊ីហ្គេម លើកទី៣២

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចាត់ទុកពិធីរាប់ថយក្រោយ ១០០ថ្ងៃ ជាសក្ខីភាពបង្ហាញពីកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បី ស្វាគមន៍កីឡាករ កីឡាការិនី មន្ត្រីកីឡា និងអ្នកទស្សនាទាំងអស់ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា។

ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ យប់ថ្ងៃទី២៥ ខែមករា សម្តេចពិជ័យសេនា ទៀ បាញ់ បានជឿជាក់យ៉ាងមុតមាំថា គណៈកម្មាធិការជាតិ CAMSOC នឹងអាចរៀបចំបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់ បំផុតដល់ប្រតិភូ នៃគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល មន្ត្រីរាជការ មន្ត្រីកីឡា បុគ្គលិកពេញម៉ោង និងអ្នកស្ម័គ្រចិត្ត។ ទន្ទឹមជាមួយគ្នានេះ ពិធីរាប់ថយក្រោយ១០០ថ្ងៃនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការប្រកាសពេលវេលាសេសសល់តែ១០០ថ្ងៃប៉ុណ្ណោះ ដែលជាសុបិន៦៨ឆ្នាំក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេមនឹងក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

សម្តេចពិជ័យសេនា ក្នុងនាមប្រធាន CAMSOC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកានានា ជុំវិញការត្រៀមរៀបចំការប្រកួតនេះ។ ពិសេសក្នុងថ្ងៃរាប់ថយក្រោយ១០០ថ្ងៃនាពេលនេះ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការប្រកួតនាពេលខាងមុខ និងរួមគ្នារៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបបានសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើជំហរយ៉ាងមុតមាំសម្រាប់គោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន ស្មើមុខ-មាត់ និងបម្រើផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយសុច្ឆន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

ជាក់ស្តែង ដើម្បីធានាបាននូចការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ នឹងបន្សល់ទុកកេរ្តិ៍-ឈ្មោះល្អដល់កម្ពុជាជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ រាជធានី ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ បានផ្តុំកម្លាំងមហាសាមគ្គីជាតិ ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិ និងស្ដង់ដាកីឡាអន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាមានថ្មទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងផ្តល់សេវាដល់គ្រប់ប្រតិភូកីឡា ភ្ញៀវជាតិ អន្តរជាតិ ការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខាភិបាល និងផ្តល់ភាពសប្បាយរីករាយ រួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹមចេញពីបេះដូង របស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្តល់នូវភាពកក់ក្ដៅដល់ភ្ញៀវកីឡា មកពីគ្រប់ទិសទីជុំវិញពិភពលោក និងបន្សល់ទុកនូវមរតកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដល់កម្ពុជា ៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner