ប្រធានាធិបតីតៃវ៉ាន់៖ ការធ្វើសង្គ្រាមជាមួយចិនមិនមែនជាជម្រើសឡើយ

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានប្រាប់សម្តេចសង្ឃកាតូលិក ប៉ុប ហ្វ្រង់ស៊ី នៅក្នុងសារលិខិតមួយថា ការធ្វើសង្រ្គាមជាមួយចិន “មិនមែនជាជម្រើសឡើយ” ហើយថា អន្តរកម្មស្ថាបនាជាមួយទីក្រុងប៉េកាំង ដែលទាមទារកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ គឺអាស្រ័យទៅលើការគោរពលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯង។

បើតាមសារលិខិតដដែលនេះ លោកស្រី ត្សៃ បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ គឺពិតជាមិនមែនជាជម្រើសនោះទេ ហើយថា មានតែការគោរពការប្តេជ្ញាចិត្តរបស់ប្រជាជនតៃវ៉ាន់ ចំពោះអធិបតេយ្យភាពរបស់យើង លទ្ធិប្រជាធិបតេយ្យ និងសេរីភាពទេ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបន្តទំនាក់ទំនងស្ថាបនាឡើងវិញនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ដោយឡែកនៅក្នុងសុន្ទរកថារបស់ខ្លួន កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ លោកស្រី ត្សៃ ក៏បានបដិសេធជម្លោះប្រដាប់អាវុធនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយបានអំពាវនាវឱ្យមាន “សន្តិភាព និងស្ថិរភាព”។ សូមបញ្ជាក់ថា តៃវ៉ាន់ និងចិនបានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្រ្គាមស៊ីវិល ហើយមិនមានទំនាក់ទំនងផ្លូវការនោះទេ ប៉ុន្តែត្រូវបានភ្ជាប់ដោយការធ្វើពាណិជ្ជកម្ម និងការវិនិយោគរាប់ពាន់លានដុល្លារ។

បក្សកុម្មុយនិស្តចិនតែងតែបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកហោះហើរនៅជិតកោះតៃវ៉ាន់ ដើម្បីពង្រឹងជំហររបស់ខ្លួនថា កោះនេះមានកាតព្វកិច្ចបង្រួបបង្រួមជាមួយប្រទេសចិនដីគោក ហើយក្នុងករណីចាំបាច់ អាចនឹងប្រើកម្លាំងយោធា៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner