សម្ដេចតេជោនាយករដ្ឋមន្រ្តី ផ្តល់មេធាវីសម្រាប់ការពារផ្លូវច្បាប់ ដល់ស្រ្តីបម្រើការងារផ្នែកសេវាកម្សាន្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ណែនាំ ដល់ក្រុមការងារមេធាវីរបស់សម្ដេច គឺ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឱ្យការពារផ្លូវច្បាប់ ចំពោះស្រ្តីបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស ដើម្បីការពារសិទ្ធិ ស្រី្តដែលបម្រើការងារក្នុងវិស័យនេះ ខណៈដែលស្រ្តីមួយចំនួន តែង រងការបៀតបៀន។ នោះបើតាមការបង្ហោះរបស់រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធិ ។

តាមរយៈសារដែលបានបង្ហោះនៅលើហ្វេសប៊ុកនោះឯកឧត្តម ខៀវ កាញារីទ្ធិ បានលើកឡើងថា៖«សម្តេចតេជោ លើកគំនិតពី ការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត (ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ …) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ ប.ស.ស. (បេឡាជាតិរបបសន្តិសុខសង្គម) ដល់ពួកគេផងដែរ»។

មតិណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើ ឡើងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជននៅវិមាន ៧ មករា ថ្ងៃទី ២៩ មករា ២០២៣។
ពាក់ព័ន្ធការពារដល់រងគ្រោះក្រីក្រនេះដែរ ប្រធានក្រុមមេធាវីស្ម័គ្រ ចិត្ត សម្តេចតេជោសែន ឯកឧត្តម គី តិច បានឱ្យថ្លែងនៅក្នុងកិច្ច ប្រជុំបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំ២០២៣ ថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះមេធាវីរបស់សម្តេចតេជោសែន បានធ្វើសកម្មភាពជួយជនរងគ្រោះក្រីក្រទូទាំងប្រទេសយ៉ាងផុសផុល។ លោកថ្លែងថា៖«មេធាវីទាំងអស់ទទួលការពារក្តីជូនស្រ្តី ដែលមានជីវភាពខ្វះខាត ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ ឬស្រ្តី ងាយរងគ្រោះ គឺក្រុមមេធាវីសម្តេចតេជោ ការពារដោយមិនទទួល ថវិកាជាសេវាអ្វីនោះទេ។ សូម្បីការតបស្នងតាមរយៈការជូនអ្វីមួយរបស់ជនរងគ្រោះពេលការពារក្តីរួចហើយ ក៏មិនអនុញ្ញាតឱ្យទទួលនោះឡើយ គឺក្រុមមេធាវី បាន ជួយ ដោយស្មោះ និងអនុវត្តតាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន» ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ យល់ឃើញថា ការផ្តល់អនុសាសន៍របស់សម្ដេច តេជោនាយករដ្ឋមន្រ្តី គឺជាចំណុចប្រសើរមួយដែលជាផ្នែកមួយ ជួយការពារសិទ្ធិដល់ស្រ្តីបម្រើការងារនៅផ្នែកសេវាកម្សាន្ត។ ប៉ុន្តែលោកថា ដើម្បីឱ្យកាន់តែប្រសើរជាងនេះទៀត រដ្ឋគួរតែជំរុញ ឱ្យអនុវត្តច្បាប់តែម្ដង គឺច្បាប់ស្ដីពីការងារ ដោយទី១ផ្តល់សិទ្ធិឱ្យ គាត់មានឱកាសក្នុងការចូលរួមចងក្រងបង្កើតទៅជាសហជីព ,ទី២ អាចបង្កើតជាឯកសារគតិយុត្តពិសេសមួយដើម្បីគាំពារគាត់ ដែល នេះវាជាចំណុចល្អមួយបន្ថែមទៅនឹងអ្វីដែលជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា៖«យើងគួររៀបចំជាច្បាប់ពិសេសមួយសម្រាប់ការពារអ្នកបម្រើសេវាកម្សាន្តតែម្តងទៅ ព្រោះនេះជាចំណុចល្អ បង្កើត ទៅជាយន្តការច្បាប់វាមានលក្ខណៈយូរអង្វែង ជាពិសេជំរុញ ឱ្យ ថៅកែក្លិបកម្សាន្ត ឬផ្នែកសេវាកម្សាន្តទាំងអស់ ឱ្យថៅកែទទួល ខុសត្រូវសុវត្ថិភាពសន្តិសុខសម្រាប់ពួកគាត់ និងជំរុញឱ្យថៅកែ ផ្តល់កិច្ចគាំពារសង្គមតាមរយៈរបបសន្តិសុខសង្គម ព្រោះនេះជា ការទទួលខុសត្រូវរបស់ថៅការ និងអាជ្ញាធររដ្ឋ»។

លោកលើកឡើងថា បច្ចុប្បន្នស្រ្តីបម្រើការងារផ្នែកសេវាកម្សាន្ត ជួបបញ្ហាប្រឈមច្រើន ទី១ប្រឈមនឹងការបៀតបៀនផ្លូវភេទ ទី២ ប្រឈមការប្រើអំពើហិង្សាពីសំណាក់ភ្ញៀវឬពីសំណាក់និយោជករបស់គាត់ ដោយការបង្ខំគ្រប់បែបយ៉ាងឱ្យទទួលភ្ញៀវ និងទី៣គឺជា ការបង្ខំឱ្យគាត់ផឹកស្រា។ លោកបន្តថា ចំណុចប្រឈមខ្លាំង មួយ ទៀត ជាពិសេសស្រ្តីបម្រើនៅក្លិបកម្សាន្ត នៅពេលគាត់មាន ផ្ទៃពោះ គឺថៅកែគេមិនយកធ្វើការ ដែលរងការបាត់បង់ការងារ និងបញ្ឈប់ការងារដោយមិនមានប្រាក់សំណងត្រឹមត្រូវតាមផ្លូវច្បាប់។ លោកបន្ថែមថា៖« បើសិនជារដ្ឋរៀបចំគោលនយោបាយ របប សន្តិសុខសង្គមសម្រាប់ពួកគាត់ ហើយប្រកបដោយប្រសិទ្ធភាព នោះ វានឹងផ្តល់អត្ថប្រយោជន៍ចំនួនដល់ស្រ្តីបម្រើការងារក្នុង សេវាកម្សាន្ត។

ដោយឡែកក្នុងពិធីជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើ ការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្ស ពេញវ័យ មកពីខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ និងខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា កន្លងទៅនេះ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ និងគិតគូរដល់បុគ្គលិកបម្រើការងារនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ។
លោកជំទាវថ្លែងថា៖«រាជរដ្ឋាភិបាល បានជំរុញការអនុវត្តក្របខណ្ឌ គោល នយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និង អភិវឌ្ឍន៍ ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឱ្យកាន់តែ មាន វិសាលភាព និងប្រសិទ្ធភាព ពង្រឹងសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គមនិងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា» ។
ស្រ្តីបម្រើការងារនៅភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានសម្តែងការត្រេកអរ បន្ទាប់ ពីទទួលបានដំណឹងនេះ ដោយបន្ថែមថាពួកគេពិត ជា អរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុក ដាក់ សម្រាប់ពួកគេដែលបម្រើការងារនៅវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ។
ស្រី្តរូបនេះថ្លែងថា៖«នេះគឺជាដំណឹងល្អមួយសម្រាប់ពួកយើងដែលធ្វើការផ្នែកសេវាកម្សាន្តមិនថានៅតាមរយៈរង្គសាល ខារ៉ាអូខេ ឬក៏ភោជនីយដ្ឋានផ្សេងៗ ព្រោះវាអាចនឹងការពារដល់ពួកខ្ញុំ ដោយ សារតែពេលខ្លះក៏មានភ្ញៀវបៀតបៀនរាងកាយ ឈានដល់ការ បង្ក ជម្លោះ ឈានដល់ប្រើអំពើហិង្សាក៏មានដែរ»៕ ដោយ៖ ឡាយ សាមាន

ads banner