អង្គភាពប្រឆាំងអំពើពុករលួយ៖នៅសល់២ថ្ងៃទៀតនឹងបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល
ភ្នំពេញ៖«សល់ ២ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៣ នឹងត្រូវបញ្ចប់ សូមបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់អញ្ជើញមកធ្វើការប្រកាសឱ្យបានទាន់ពេលតាមច្បាប់កំណត់» ។នេះជាការបញ្ជាក់ឱ្យដឹងឹពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។
យោងតាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ ការប្រកាសទ្រព្យសម្បតិ្ត និងបំណុល តាមរបប ២ឆ្នាំ មានរយៈពេល៣១ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា”សូមបុគ្គលដែលមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រញាប់អញ្ជើញមកធ្វើការប្រកាសឱ្យបានទាន់ពេលវេលា”។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងដោយបញ្ជាក់ពីផលវិបាកមិនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលថា «ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០ (មួយសែន) រៀល ទៅ ២០០០០០០ (ពីរលាន) រៀល»៕
ដោយ៖ ម៉ាដេប៉ូ