ហ្សេលេនស្គី៖ អ៊ុយក្រែនត្រូវការសព្វាវុធបន្ថែម ហើយកាន់តែបន្ទាន់ជាងមុន

ៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី បានថ្លែងកាល ពី ថ្ងៃអាទិត្យទី ២៩ ខែមករា ថា អ៊ុយក្រែនត្រូវការចំនួនសព្វាវុធថ្មីបន្ថែម ហើយ និងកាន់តែបន្ទាន់ជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាព«ដ៏តឹងតែង» នៃ ការប្រយុទ្ធឥតឈប់ឈររបស់កងទ័ពឈ្លានពានរុស្ស៊ីនៅតំបន់ដុនណិតស្ក៍ភាគខាងកើតនៃប្រទេស។

លោក ហ្សេលេនស្កី ថ្លែងក្នុងថា៖ «ស្ថានភាពតឹងតែងខ្លាំងណាស់។ នៅ ក្រុងបាក់មូត (Bakhmut) វ៉ុហ្លេដារ៍ (Vuhledar) និងផ្នែកផ្សេងៗទៀត នៃតំបន់ដុនណិតស្ក៍ រុស្ស៊ីបានធ្វើការវាយប្រហារឥតឈប់ឈរ។

មានការព្យាយាមឥតស្រាកស្រាន្ត ដើម្បីទម្លុះការការពាររបស់យើង»។
លោក បន្តថា៖ «រុស្ស៊ីចង់ឱ្យសង្រ្គាមអូសបន្លាយ ហើយកងកម្លាំងរបស់យើង ចុះខ្សោយ។ ដូច្នេះយើងត្រូវកំណត់ពេលវេលាអាវុធរបស់យើង។ យើងត្រូវ បង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿនផ្គត់ផ្គង់ និងបើកជម្រើសលើ សព្វាអាវុធថ្មី សម្រាប់អ៊ុយក្រែន»។

ការអំពាវនាវរបស់លោក ហ្សេលេនស្គី ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណេះ បន្ទាប់ ពីអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកយល់ព្រមផ្គត់ផ្គង់រថក្រោះទំនើបដល់ អ៊ុយក្រែនរាប់សិបគ្រឿង ដើម្បីទប់ទល់នឹងរុស្ស៊ី។

កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានថ្លែងផងដែរថា អ៊ុយក្រែន ត្រូវការមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក ដែល អាចបាញ់បានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ប៉ុន្តែរហូតមកដល់ ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្គត់ផ្គង់។

ទោះយ៉ាងណាក៏ដោយ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការពិភាក្សាកំពុងដំណើរការលើការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនបានលើកឡើងពីការចរចាសុំជំនួយយន្តហោះចម្បាំង។

ក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យដដែលលោក ហ្សេលេនស្គី បានប្តេជ្ញាចិត្ត ដើម្បីធានាថា សមត្ថភាពអ៊ុយក្រែនត្រូវតែខ្លាំងជាងរុស្ស៊ី ដែលនោះមាន ន័យថា បន្តរក្សាការគាំទ្រផ្នែកយោធាលើអ៊ុយក្រែន។ លោកបន្តថា៖ «សត្រូវមិនគិតពីយោធារបស់ខ្លួនទេ ហើយទោះបីជាទំហំនៃ ការខាតបង់ធំ ប៉ុណ្ណាក៏ដោយ ក៏(រុស្ស៊ី)នៅតែរក្សាបាននូវកម្រិតនៃការវាយប្រហាររបស់ខ្លួន។ ដើម្បីប្រឈមមុខនឹងបញ្ហានេះ តម្រូវឱ្យមានភាពធន់ខុសពីធម្មតា ហើយ យោធា អ៊ុយក្រែនដឹងថា ការពារតំបន់ដុតណិតស្ក៍ គឺការការពារប្រជាជន អ៊ុយក្រែនទាំងមូល»។

គួរបញ្ជាក់ថា ខណៈអ៊ុយក្រែនលើកឡើងពីការសុំសព្វាវុធទំនើបៗជាងមុន អធិការបតីអាល្លឺម៉ង់លោក អាឡាហ្វ សុលហ្ស៍ បានអះអាងជាថ្មីកាល ពី ថ្ងៃអាទិត្យថា អាល្លឺម៉ង់នឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យអ៊ុយក្រែន នោះទេ។ កាលពីថ្ងៃពុធសប្ដាហ៍មុន អាល្លឺម៉ង់បានយល់ព្រមបញ្ជូនរថក្រោះ ទំនើប Leopard 2 ចំនួន ១៤ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន និង អនុញ្ញាតឱ្យ ប្រទេសអឺរ៉ុបផ្សេងទៀតបញ្ជូន Leopard 2 របស់ពួកគេដែរ ក្រោយមាន ការជជែកដេញដោលយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍ និងសម្ពាធកាន់តែខ្លាំង ពីសម្ព័ន្ធមិត្ត។
ការសម្រេចចិត្តរបស់លោក សុលហ្ស៍ ធ្វើឡើងដោយអមជាមួយគ្នានឹងការ បញ្ជូល រថក្រោះរបស់សហរដ្ឋអាមេរិកធុន Abrams ចំនួន ៣១ គ្រឿង ទៅឱ្យអ៊ុយក្រែន។ ជំហានដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្រោម ជំហរ យ៉ាងច្បាស់លាស់ ដើម្បីជួយអ៊ុយក្រែនការពារខ្លួន ប៉ុន្តែរងការរិះគន់ពីរុស្ស៊ី និងសម្ព័ន្ធមិត្តដូចជាកូរ៉េខាងជើង ថាធ្វើឱ្យសង្រ្គាមកាន់តែតានតឹង និងបង្ហាញពីភាពជាក់ច្បាស់នៃការធ្វើសង្រ្គាមដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី ជាអ្វីដែលលោកខាងលិចបដិសេធ៕
ដោយ៖ហួន ឌីណា

ads banner