ពលរដ្ឋឥណ្ឌូណេស៊ី កាន់សាសនាអ៊ិស្លាម ចេញធ្វើបាតុកម្មតវ៉ា ប្រឆាំង ការដុតគម្ពីរកូរ៉ាននៅស៊ុយអែត
ហ្សាការតា៖ កាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣ពលរដ្ឋឥណ្ឌូណេ ស៊ីដែលកាន់សាសនាអ៊ិស្លាមរាប់រយនាក់បានដើរដង្ហែក្បួនទៅកាន់ស្ថានទូតស៊ុយអែត ក្នុងរដ្ឋធានីហ្សាការតា ដើម្បីថ្កោលទោសចំពោះការ ប្រមាថមើលងាយសៀវភៅសាសនាអ៊ិស្លាមរបស់ខ្លួននាពេលថ្មីៗនេះ ដោយសារតែមានពួកសកម្មជនស្តាំនិយមជ្រុលនៅប្រទេសស៊ុយអែត និងហូឡង់ បានដុតបំផ្លាញគម្ពីរកូរ៉ាន ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរ មួយ ។
ក្នុងព្រឹត្តិការណ៍នោះ គេសង្កេតឃើញមានបាតុករប្រមាណជា ៣០០ នាក់ ឈរកាន់គ្រវីទង់ជាតិពណ៌ស ស្រែកខ្លាំងៗអំពីជំនឿរបស់ពួកគេ ទៅលើសាសនាអ៊ិស្លាម និងបានដើរតាមបណ្ដោយមហាវិថីធំមួយក្នុង ទីក្រុង ហ្សាការតា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះបានជាន់ឈ្លី និងដុត រូបសកម្មជនប្រឆាំងសាសនាអ៊ីស្លាមជនជាតិដាណឺម៉ាក លោក Rasmus Paludan ដែលជាប្រធានគណបក្សនយោបាយស្ដាំ និយម ជ្រុលមួយឈ្មោះថា Stram Kurs។ លើសពីនេះ ពួកគេបានជាន់ឈ្លី និងដុតរូបទង់ជាតិនៃប្រទេសស៊ុយអែត ដាណឺម៉ាក និងហូឡង់ទៀត ផង ។
ភ្លាមៗបន្ទាប់ពីបាតុកម្មបានរីករាលដាល អាជ្ញាធរឥណ្ឌូនេស៊ីបានបិទ ផ្លូវទៅកាន់ស្ថានទូតស៊ុយអែតភ្លាមៗដូចគ្នា។ ជុំវិញស្ថានទូតស៊ុយអែតវិញ ប៉ូលីសឥណ្ឌូនេស៊ី និងទាហានប្រហែល ជា ២០០ នាក់ត្រូវបានដាក់ពង្រាយនៅខាងក្នុង និងជុំវិញអគារដែល មានរុំព័ទ្ធទៅដោយរបងលួសបន្លាឡាម។
គួររម្លឹកដែរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ លោក Paludan បានទទួលការអនុញ្ញាតពីប៉ូលីសស៊ុយអែតឱ្យធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតតួកគីក្នុងទីក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអែត ជាកន្លែងដែលលោកបានដុតគម្ពីរកូរ៉ានរបស់សាសនាអ៊ីស្លាម។ ប៉ុន្មានថ្ងៃក្រោយមកទៀត លោក Edwin Wagensveld មេដឹកនាំ ជនជាតិហូឡង់នៃចលនាស្តាំនិយមមួយឈ្មោះថា Pegida បានហែក ទំព័រច្បាប់ចម្លងនៃគម្ពីរកូរ៉ាននៅជិតសភាហូឡង់ ហើយបានជាន់ឈ្លី ទៅលើក្រដាសគម្ពីរទាំងអស់នោះនៅលើដី។
ទង្វើរបស់បុគ្គលទាំងពីររូបនេះ បានធ្វើឱ្យអ្នកកាន់សាសនា អ៊ិស្លាម រាប់លាននាក់នៅជុំវិញពិភពលោកផ្ទុះការខឹងសម្បារ និង បង្កឱ្យមាន ការចេញបាតុកម្មតវ៉ាជាច្រើនប្រទេស រួមទាំងនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រទេសសម្បូរទៅដោយជនជាតិមូស្លីម ច្រើន ជាងគេនៅលើពិភពលោកផងដែរ។ អ្នកតវ៉ានៅទីក្រុងហ្សាការតាបានស្រែកខ្លាំងៗថា «ព្រះគឺពិតជា អស្ចារ្យណាស់» និងបន្តស្រែកបណ្ដេញស្ថានទូតស៊ុយអែតថា «ស្ថានទូតស៊ុយអែត ឆាប់ចេញទៅ»។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Teuku Faizasyah បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបាន ថ្កោលទោស យ៉ាងខ្លាំងចំពោះការដុតគម្ពីរកូរ៉ានដោយលោក Paludan ហើយកាលពីសប្តាហ៍មុន ក្រសួងបានកោះហៅ ឯកអគ្គរាជទូតស៊ុយអែត លោកស្រី Marina Berg មកសាក សួរជុំវិញបញ្ហានេះ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Teuku Faizasyah។
ក្រសួងក៏បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមករា ថា «ទង្វើនៃការប្រមាថនេះបានធ្វើឱ្យប៉ះពាល់ដល់ការ ស៊ូទ្រាំអត់ឱនអធ្យាស្រ័យខាងផ្នែកសាសនា។ សេរីភាពនៃការបញ្ចេញមតិត្រូវតែអនុវត្តដោយការទទួលខុសត្រូវ»។
ដោយឡែក ប្រទេសតួកគីបានចោទប្រកាន់រដ្ឋាភិបាលនៅទី ក្រុងស្តុកខុល ដែលបានស្នើសុំរួមគ្នាជាមួយប្រទេសហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូថា ស៊ុយអែតមានភាពធូរស្រាល ខ្លាំងពេកចំពោះក្រុមដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម ឬក្រុមដែលផ្ដល់ការគំរាមកំហែងផ្សេងៗទៀត រួមទាំងក្រុមឃឺដ (Kurdish) ផងដែរ។
គួរបញ្ជាក់ថា គោលការណ៍របស់អង្គការណាតូ គឺទាមទារការយល់ ព្រម ជាឯកច្ឆ័ន្ទពីសមាជិករបស់ខ្លួនទាំងអស់ ក្នុងការសម្រេចទៅលើ ការចូលជាសមាជិកថ្មីរបស់ប្រទេសណាមួយ ប៉ុន្តែទួកគីបានលើក ឡើងថា ខ្លួននឹងយល់ព្រមទទួលយកប្រទេសស៊ុយអែតឱ្យចូល ជាសមាជិកណាតូ ប្រសិនបើប្រទេសនេះព្រមបំពេញទៅតាម លក្ខខណ្ឌ របស់ខ្លួនដែលបានតម្រូវ។
អ្នករៀបចំបាតុកម្មតវ៉ា លោក Marwan Batubara បានស្រែក ប្រាប់នៅក្នុងហ្វូងមនុស្សជាច្រើនថា លោក Paludan កំពុង ប្រព្រឹត្តទង្វើយ៉ាងគឃ្លើនចំពោះសាសនាឥស្លាម។ លោកបានអំពាវនាវឱ្យស៊ុយអែត ហូឡង់ និងដាណឺម៉ាក ឱ្យដាក់ ទណ្ឌកម្មទៅលើអ្នកដែលបានប្រមាថគម្ពីរកូរ៉ានរូបនេះ និងត្រូវសុំ ទោសប្រជាជនម៉ូស្លីមជាសាធារណៈ។
លោកបានថ្លែងថា ៖ «វាធ្វើឱ្យពួកយើងឈឺចាប់យ៉ាងខ្លាំង ហើយ យើងទាមទារឱ្យស៊ុយអែតនាំខ្លួនលោក Paludan ទៅកាន់តុលាការ កាត់ទោស ដើម្បីកុំឱ្យរឿងបែបនេះកើតឡើងម្តងទៀតនៅ ពេល ក្រោយ។ ការការពារអ្នកដែលប្រមាថសាសនាអ៊ិស្លាមនៅក្រោមគោលការណ៍សេរីភាពនៃការបញ្ចេញមតិ គឺគ្រាន់តែជាការអញ្ជើញទុក្ករបុគ្គលឱ្យមក ការពារ សាសនាអ៊ីស្លាមតែប៉ុណ្ណោះ»។
រីឯស្ថានទូតស៊ុយអែតនៅទីក្រុងហ្សាការតាវិញ បានលើកឡើង នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា «អំពើស្អប់ខ្ពើមទៅលើសាសនា អ៊ីស្លាម ដែលប្រព្រឹត្តដោយពួកស្តាំនិយមជ្រុលនៅក្នុងប្រទេសស៊ុយអែត ត្រូវបានច្រានចោលនិងមិនគាំទ្រដាច់ខាតពីសំណាក់រដ្ឋាភិបាលស៊ុយអែត»។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «ទង្វើនេះមិនឆ្លុះ បញ្ចាំងអំពីការយល់ឃើញរបស់រដ្ឋាភិបាលស៊ុយអែតនោះទេ»៕
ដោយៈធា សុណា
ប្រភព៖ https://www.channelnewsasia.com/asia/indonesian-muslims-protest-quran-burning-sweden-3241286