ទិន្នផលឧស្សាហកម្មរបស់ប្រទេសជប៉ុន ធ្លាក់ចុះ ០.១ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២២
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់នៅក្នុងរបាយការណ៍មួយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសជប៉ុន បានធ្លាក់ចុះកាលពីខែធ្នូ ឆ្នាំ ២០២២ បើធៀបនឹងមួយខែមុននេះ (ខែវិច្ឆិកា)។
យោងតាមក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានឱ្យដឹងថា ទិន្នផលឧស្សាហកម្មក្នុងខែធ្នូឆ្នាំមុន បានធ្លាក់ចុះ ០.១ភាគរយ បើធៀបនឹងខែវិច្ឆិកា ជាមួយនឹងសន្ទស្សន៍ទិន្នផលដែលបានកែតម្រូវតាមរដូវកាលនៅក្នុងរោងចក្រ និងរ៉ែឈរនៅតួលេខ ៩៥.៤ បើធៀបនឹងមូលដ្ឋាន ១០០ សម្រាប់ឆ្នាំ ២០១៥។

បើតាមទិន្នន័យរបស់ក្រសួង តួលេខសម្រាប់ខែធ្នូ បានបង្ហាញឱ្យដឹងបន្ទាប់ពីមានការកើនឡើង ០.២ភាគរយដែលបានកែសម្រួលឡើងចុះក្នុងខែវិច្ឆិកាឆ្នាំមុន។
សំណុំទិន្នន័យរបស់ក្រសួងក៏បានបង្ហាញពីសន្ទស្សន៍នៃការនាំចេញឧស្សាហកម្មបានធ្លាក់ចុះ ០.៧ភាគរយ ដល់តួលេខ ៩២.៧ ខណៈពេលដែលសារពើភ័ណ្ឌបានធ្លាក់ចុះ ០.៥ភាគរយ ដល់តួលេខ ១០៣.១។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា ទិន្នផលឧស្សាហកម្មសម្រាប់ឆ្នាំ ២០២២ បានធ្លាក់ចុះ ០.១ភាគរយពីឆ្នាំមុន មកត្រឹមតួលេខ ៩៥.៦ ដែលនេះជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលពីរឆ្នាំ។
ការស្ទង់មតិរបស់ក្រសួងសេដ្ឋកិច្ចក៏បានបង្ហាញផងដែរថា ការសម្លឹងឆ្ពោះទៅពេលអនាគត ក្រុមហ៊ុនផលិតបានព្យាករណ៍ថា ទិន្នផលឧស្សាហកម្មនៅជប៉ុន នឹងនៅតែមិនផ្លាស់ប្តូរនៅក្នុងខែមករា ហើយនឹងកើនឡើង ៤.១ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣នេះ៕



ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា