រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជំរុញឱ្យមន្ទីរធម្មការនិងសាសនា សហការជាមួយមន្ត្រីសង្ឃសាលាគណខេត្ត បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាមក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងល្អ ធម៌អប់រំផ្លូវចិត្តចៀសវាងនូវអំពើហិង្សា

បន្ទាយមានជ័យ ៖ ក្នុងពិធីបិទអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ មករា២០២៣ ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានថ្លែងផ្តាំផ្ញើ ឱ្យមន្ត្រីមន្ទីរធម្មការនិងសាសនា សហការជាមួយមន្ត្រីសង្ឃសាលាគណខេត្ត បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងការរក្សាតម្លៃព្រះពុទ្ធសាសនា ពិសេសនៅវត្តអារាម ឱ្យក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងល្អ ធម៌អប់រំផ្លូវចិត្តល្អ ចៀសវាងនូវអំពើហិង្សា បន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មលើសាសនាកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍លាភសក្ការៈ តាមគ្រប់រូបភាព ដែលធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់តម្លៃនៃព្រះពុទ្ធសាសនា ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត បន្តសហការជាមួយព្រះមន្ត្រីសង្ឃ ក្នុងការពង្រឹងគុណភាពគ្រប់គ្រងវត្តអារាម ឲ្យមានរបៀបរៀបរយ មានសាមគ្គីភាពល្អ រក្សាតម្លៃព្រះពុទ្ធសាសនា បន្តជំរុញក្នុងការរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ក្រុង បន្តខិតខំពង្រឹងពង្រីកសាលាពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ និងគ្រូបង្រៀនឲ្យមានគុណភាពល្អ ។

ឯកឧត្តមអ៊ុរាត្រី និងឯកឧត្តមហង្ស ចាន់ព្រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការនិងសាសនាដែលបានសហការជាមួយសាលាគណខេត្តបានធ្វើឲ្យអង្គមហាសន្និបាតទទួលបានជោគជ័យ។ ក្នុងឱកាសនោះ ក៏មានរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៣៣៣អង្គផងដែរ ៕

ដោយ៖ឃិន គន្ធា

ads banner