ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់៧មករាឆ្នាំនេះធ្វើឡើងនៅខេត្តត្បូងឃ្មុំ មានវិញ្ញាសាចំនួន៧ ដែត្រូវដាក់ឲ្យប្រកួត
ខេត្តត្បូងឃ្មុំ ៖ ការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា លើកទី២២ឆ្នាំ២០២៣ ដែលរៀបចំ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា ត្រូវបានធ្វើឡើង នៅខេត្តត្បូងឃ្មុំ លើវិញ្ញាសា ចំនួន៧ ដោយមាន កីឡាករកីឡាការិនី មកពីតាមបណ្ដាខេត្ត និងក្រសួងស្ថាប័ននានាជាច្រើនចូលរួម ។
ឯកឧត្តម ជាម សុភា អគ្គេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ការប្រកួត នេះ គណៈកម្មការរៀបចំបានដាក់វិញ្ញាសាចំនួន៧ឲ្យធ្វើការប្រកួត ក្នុងនោះមានវិញ្ញាសាវាយ គូបុរស ពិសេសអាយុ៣៣ឆ្នាំឡើង , វាយគូបុរសអាយុ៥០ឆ្នាំឡើង ; វាយគូបុរស អាយុ៤០ ដល់៥០ឆ្នាំឡើង;វាយគូបុរសអាយុ១៩ឆ្នាំឡើង;វាយគូបុរសអាយុក្រោម១៨ឆ្នាំ; វាយគូនារី (មិនគិតអាយុ) និងវាយគូចំរុះបុរសនារី មានកីឡាករកីឡាការិនីចូលរួមប្រកួត សរុបចំនួន ១៩០នាក់ រួមនិងអ្នក ដឹកនាំចំនួន៣៨នាក់មកពី ក្លិប និង សមាគមវាយសី បណ្ដាខេត្ត និង ក្រសួង ស្ថាប័ននានា ចំនួន ១៦ចូលរួម ។
ឯកឧត្តម អគ្គលេខាធិការ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ បានរៀបចំឡើងចំនួន២២ លើកហើយក្នុងបំណងរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ដ្រ៧មករាឆ្នាំ១៩៧៩ដែលបានរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបសាហាវយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពត ឲ្យរស់ឡើងវិញ និង ជាការ រំលឹក ឲ្យយុវជន ជំនាន់ក្រោយបានយលដឹង និង ចូលរួមទប់ស្កាត់របបដ៏កាចសាហាវនេះ មិន ឲ្យវិល ត្រឡប់មកវិញជាលើកទី២ទៀត ។ ជាមួយនេះក៏ដើម្បីបំផុស ប្រភេទេកីឡាវាយសី នៅតាមបណ្ដាខេត្តឲ្យមានភាពសកម្មឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ កុមារ និង យុវជន ឲ្យងាកមកលេង ដើម្បីសុខមាលភាព ចាកផុតពីអំពើអបាយមុខផ្សេង និង ដើម្បីលើក កម្ពស់ វិស័យ កីឡាវ័យឲ្យកាន់តែរីកចំរើនថែមទៀត។
ឯកឧត្តម បន្តថា ការប្រកួតនេះធ្វើឡើងរយៈពេល២ ថ្ងៃ ចាប់ដំណើរការប្រកួតនៅថ្ងៃទី៤ ខែកុម្ភៈនេះ គ្រោងបញ្ចប់នៅល្ងាចថ្ងៃទី០៥ ខែ កម្ភៈ ឆ្នាំ២០២៣ ដោយសហព័ន្ធបានអញ្ជើញ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបានៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ផ្ដល់កិត្តិយស បំពាក់មេដាយ និង ផ្ដល់រង្វាន់ ជូនជ័យលាភីផងដែរ៕ ជាវ ចន្ធូ