ឯកឧត្តម សាយ សំអាល់ ៖ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពននយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ
ខេត្តព្រះសីហនុ ៖ «ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពននយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានកម្រិតជីវភាពនិងមានចំណេះដឹងកាន់តែប្រសើរ»។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា” ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ ។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំមុនវិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ ៧,៥% បានធ្វើឲ្យកម្រិតជីវភពប្រជាពលរដ្ឋកាន់តែប្រសើរ និងជាចលករប្រែក្លាយកម្ពុជាឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយខ្លួនប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ តម្រូវការជាមូលដ្ឋាន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គីសនី ដែលបានពង្រីកយ៉ាងឆាប់រហ័ស ផ្តល់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស បានបង្កលក្ខណៈឲ្យការរស់នៅប្រចាំថ្ងៃមានភាពល្អប្រសើរជាងមុន លើកកម្ពស់គុណភាពជីវិត ។
ឯកឧត្តមប្រធាន បានលើកឡើងនូវចំណុចត្រូវស្វែងយល់ក្នុងដំណើរកម្ពុជារហូតមកដល់ពេលនេះ ទី១៖ ការបោះឆ្នោត ៥ឆ្នាំម្ដង ដែលស្តែងចេញនូវភាពជោគជ័យនៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស និងទី២៖ធនធនមនុស្ស ដោយកម្ពុជាបានប្រែក្លាយពីប្រទេសដែលសេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ មកពឹងផ្អែកលើកាផ្តល់សេវាកម្ម ឧស្សាហកម្ម និងបានប្រែក្លាយពីការធ្វើកសិកម្មបែបបុរាណ មកកសិកម្មបែបទំនើប។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកក្នុងដំណើរកសាងឧត្ដមភាពកម្ពុជា យើងម្នាក់ៗគួរចេះស្វែងយល់ និងមានការគិតឲ្យបានវែងឆ្ងាយទៅលើ ទី១៖ស្វែងយល់ឲ្យបានស៊ីជម្រៅពីស្ថានភាពនិងនិន្នាការសកលលោក និងទី២៖ដឹងពីស្ថានភាពកម្ពុជាខ្លួនឯង ថាតើកម្ពុជាយើងនៅចំណុចណា។
ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មកាកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានឡើងអាន ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ផងដែរ ៕ ខៀវ សាវ៉ុន