គ្រោះរញ្ជួយដី ៧.៩រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសតួកគី
អង់ការ៉ា៖ គ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារភាគកណ្តាល ប្រទេសតួកគី។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់។ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារកណ្តាលប្រទេសតួកគី នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជម្រៅ ១០គីឡូម៉ែត្រ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសទួកគី (AFAD) បានកំណត់ការរញ្ជួយដីនៅកម្រិត ៧.៤ រ៉ិចទ័រ នៅជិតទីក្រុង កាហារ៉ា មេនម៉ារ៉ាស់ (Kahramanmaras) ភាគខាងត្បូង។ មានការខូចខាតអគារ ហើយមនុស្សត្រូវបានប្រមូលផ្តុំគ្នា នៅតាមផ្លូវដែលមានព្រិលធ្លាក់ នេះបើយោងតាមរូបភាពនៅលើទូរទស្សន៍រដ្ឋតួកគី ធី.អ. ធី (TRT) ។
យោងតាមសាក្សីបានឱ្យដឹងថា ការរញ្ជួយដីមានរយៈពេល ប្រហែលមួយនាទី ហើយបានបំបែកបង្អួចផ្ទះផងដែរ។ តំបន់ភាគកណ្តាល នេះនៃប្រទេសតួកគី ត្រូវបានគេដឹងថា រងការរញ្ជួយដីខ្លាំងជាប្រចាំ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត
