រដ្ឋមន្ត្រីការបរទេស ៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀន​ដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំងបង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងយោធា។
ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ(Hyatt Regency Phnom Penh)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅមន្រ្តីដែលចូលរួមថា តទៅមុខ សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។ មានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើន ដែលបាន និងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា, កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និង កម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈកាលប្រាំឆ្នាំ ចុងក្រោយមកនេះ ស្ថានភាព​តំបន់ និងអន្តរជាតិ រួមទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបន្តវិវត្តយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ រវាងប្រទេសមហាអំណាច ការផ្លាស់ប្តូរតុល្យភាពកម្លាំង (Balance of Power) អស្ថិរភាពសេដ្ឋកិច្ច និងសង្គម រួមទាំងការផ្លាស់ប្តូរនូវនយោបាយការបរទេសរបស់ប្រទេសអំណាចមធ្យម និងប្រទេសតូចៗ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទាំងនេះ។ ក្នុងបរិបទដែលកំពុងស្មុគស្មាញ និងតានតឹងស្រាប់ ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កជាភាពរាំងស្ទះដល់វិស័យជាច្រើន ពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបានបន្តថា វិបត្តិសុខភាពសាធារណៈនេះ បានធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកមានភាពរអាក់រអួល និងកាត់ផ្តាច់កម្រិតធ្ងន់ធ្ងរ បង្កជាការរាំងស្ទះដល់តម្រូវការ លំហូរពាណិជ្ជកម្ម វិនិយោគ ការធ្វើដំណើរ និងជាហេតុនាំមកនូវការរំខានលើគ្រប់វិស័យ នៃសកម្មភាពសេដ្ឋកិច្ច។ ប្រទេសវិនិយោគិនមួយចំនួន រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏បានពិចារណាអំពីការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិន ទៅកាន់ប្រទេសក្នុងតំបន់ផ្សេងទៀត ឬការផ្លាស់មកក្នុងស្រុកវិញ (Reshoring) ដោយសារសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងដើម្បីកាត់បន្ថយហានិភ័យនៃការកាត់ផ្តាច់ខ្សែច្រវាក់ផលិតកម្ម ដោយប្រការណាមួយ នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចឱ្យឃើញថា ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខិតប្រទេសយើងជាមួយប្រទេសដៃគូឱ្យកាន់តែជិតស្និទ្ធ ខាងផ្នែកនយោបាយទៀតផង។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលត្រូវបានប្រកាសឱ្យប្រើនៅដើមឆ្នាំ២០២១ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅខាងលើនេះ ដោយជំរុញការទាក់ទាញវិនិយោគ ស្វែងរកទីផ្សារសំរាប់ផលិតផល និងគាំទ្រដល់ឧស្សាហកម្មនាំចេញ លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើប្រៀបខ្លាំងនៃសក្តានុពលសេដ្ឋកិច្ច និងបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យអង្គររបស់យើង។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីអ្នកការទូតយើងធ្លាប់បានរួមចំណែកដល់ការផ្សព្វផ្សាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតផលខ្មែរ និងទេសចរណ៍វប្បធម៌យើងក៏ដោយ ក៏យើងមិនដែលបានចងក្រងគំនិត ចក្ខុវិស័យពាក់ព័ន្ធនឹងសកម្មភាពការទូតសេដ្ឋកិច្ចឲ្យមកជាឯកសារយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២១ នោះឡើយ។

ក្នុងរយៈពេល២ឆ្នាំ កន្លងមកនេះ ក្រុមការងារ និងស្ថានតំណាងកម្ពុជានៅបរទេសបានខិតខំធ្វើការយ៉ាងសកម្ម ក្នុងការ៖ ទី១) ជំរុញពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំវេទិកាធុរកិច្ច ដំណើរទស្សកិច្ចរបស់ធុរជនបរទេសមកកម្ពុជា ជំនួបជាមួយពាណិជ្ជករបរទេស និងចូលរួមពិព័រណ៌ផ្សេងៗ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ, ទី២) ទាក់​ទាញវិនិយោគិនបរទេស ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលដៅបង្កើនការផ្សព្វផ្សាយច្បាប់វិនិយោគ ការលើកទឹកចិត្តពិសេស ក្នុងវិស័យអាទិភាព និងស្ថានភាពអំណោយផល សម្រាប់វិនិយោគិននៅកម្ពុជា និងទី៣) ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរពិសេស ពីមរតកដ៏អស្ចារ្យនៃប្រាង្គប្រាសាទសម័យអង្គរ ព្រមទាំងម្ហូបខ្មែរ ឱ្យគេស្គាល់យ៉ាងទូលំទូលាយ៕ ដោយ៖ពលជ័យ

ads banner