វិទ្យុវីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសទុកពេល ៧២ម៉ោង ឲ្យវិទ្យុ វីអូឌី (VOD) សុំទោសរាជ រដ្ឋាភិបាល និងសុំទោសឯកឧត្តម ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតមកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ វិទ្យុ វីអូឌី នៅមិនទាន់ធ្វើការសុំទោសរាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ។

លោក អ៊ិត សុធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងប្រាប់AMS នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: នេះថា “ខ្ញុំអត់ទាន់និយាយពេលនេះទេ សុំពេលដើម្បីជជែកគ្នាបន្តិចសិន ដើម្បីសិក្សាអំពីបញ្ហានេះសិន”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទុកពេលឲ្យវិទ្យុ VOD រយៈពេល ៧២ម៉ោង សូមទោសរាជរដ្ឋាភិបាល និងសូមទោសឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចតេជោក៏បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។
វិទ្យុ វីអូឌី បានផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១១ ខែកុម្ភៈ នេះថា “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិការជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិការនិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិការផ្តល់ជូន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ៨ កុម្ភះ ម៉ោង6.56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់១០ម៉ឺនដុល្លារ ម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7.18 នៅព្រឹកថ្ងៃ៨កុម្ភះ២០២៣ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុន ម៉ាណែត ផង”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្រ័បរទេសឬសង្គមស៊ីវឹលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ មករា ២០២៣ កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)។
ទាក់ទងករណីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុវីអូឌី( VOD )បង្ហាញឯកសារដែលបញ្ជាក់ថា លោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះទេ។ នេះបើយោងតាមសាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។
សាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមាន អាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុ VODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារដដែលនេះថា “បើ VOD មិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ”។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នោះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏មិនដែលបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួស សម្តេចតេជោ នាយករដ្ឋមន្ត្រី ឡើយ។ ព័ត៌មានទាំងឡាយដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ ជាការលើកឡើងរបស់អ្នកកាសែតដែលគ្មានប្រភពព័ត៌មានពិតប្រាកដ និងសួរមកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះប៉ុណ្ណោះ។ ដូច្នេះ សូមវិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ដោយបំផ្លើសការពិត សូមធ្វើការកែតម្រូវជាបន្ទាន់៕ ដោយ: ពលជ័យ

ads banner