ឆ្លើយតបទៅអតីតបុគ្គលិក VOD : សម្តេចតេជោ ហ៊ុន សែន៖ ទុកពេលវេលា៧២ម៉ោងឱ្យ VOD ដើម្បីសុំទោស ជាពេលវេលាលើសពីគ្រប់គ្រាន់ ឬមួយចង់ឱ្យបិទវិទ្យុនេះចោលតែម្តង

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានឆ្លើយតបទៅនិងការលើកឡើងរបស់អតីតបុគ្គលិកវិទ្យុ វីអូឌី ថា ការទុកពេលវេលា៧២ម៉ោងឲ្យស្ថាប័នព័ត៌មាន VOD ដើម្បីធ្វើការសុំទោសជាសាធារណៈ គឺជាពេលវេលាលើសពីគ្រប់គ្រាន់។ ដោយសម្តេចតេជោចោទសួរទៅអតីតបុគ្គល VOD រូបនោះថា តើចង់ឲ្យសម្តេចទុកពេល ឬបិទវិទ្យុនេះចោលតែម្តង។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈការឆ្លើយតប Comment លើ Facebook ជាមួយអតីតបុគ្គលិកសារព័ត៌មាន VOD ឈ្មោះ «Min Pov»។

លោក Min Pov បានសរសេរថា «វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំទុកពេលឲ្យ៧២ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការ ជាមួយក្រសួងព័ត៌មាន ដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ? ឬមួយលោកចង់ឲ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ្ណបញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានម៉ោងខាងមុខនេះ? សូមលោកឆ្លើយតបជាមួយសំណួរ ខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។

គួររម្លឹកឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទុកពេលឲ្យវិទ្យុ VOD រយៈពេល ៧២ម៉ោង សូមទោសរាជរដ្ឋាភិបាល និងសូមទោសឯកឧត្តម ហ៊ុន ម៉ាណែត។ សម្តេចតេជោក៏បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។

វិទ្យុ វីអូឌី បានផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១១ ខែកុម្ភៈ នេះថា “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិការជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិការនិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិការជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិការផ្តល់ជូន”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ៨ កុម្ភះ ម៉ោង6.56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់១០ម៉ឺនដុល្លារ ម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7:18 នៅព្រឹកថ្ងៃ៨កុម្ភះ២០២៣ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុន ម៉ាណែត ផង”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្រ័បរទេសឬសង្គមស៊ីវឹលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ១៤ មករា ២០២៣ កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)។
ទេ”៕ ដោយ៖ពលជ័យ

ads banner