សាជីវកម្មសហគមន៍ជនបទកូរ៉េ ធ្វើកិច្ចសហប្រតិបត្តិតការជាមួយ គណៈកម្មធិការ ជាតិ ជំរុញចលនាភូមិ១ផលិត១ ដើម្បីលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ សាជីវកម្មសហគមន៍ជនបទនៃសាធារណរដ្ឋកូរ៉េ (KRC) នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ដើម្បីលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើតប្រាក់ចំនូល និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ និងប្រជាពលរដ្ឋនៅតាមទីជនបទ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៏វិស័យកសិកម្ម និង ជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២, លោក លី ប៊្យុងហូ ប្រធានសាជីវកម្មសហគមន៏ជនបទនៃសាធារណរដ្ឋកូរ៉េ (KRC) ថ្លែងថា KRC ស្តិតនៅចំណុះឲ្យរដ្ឋាភិបាលកូរ៉េ ដែលទទួលធ្វើគម្រោងនានារបស់រដ្ឋាភិបាលកូរ៉េ ដែលផ្តោតសំខាន់លើវិស័យកសិកម្ម ការអភិវឌ្ឍន៏ជនបទ ធនធានទឹក និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបន្តថា កន្លងមក KRC បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងជាច្រើន ដែលពាក់ព័ន្ឋនឹងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័នជនបទ និងបណ្តុះបណ្តាលធនធានមនុស្ស។ ដូចនេះ លោក ក៏ស្នើសុំអនុសាសន៏ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីបន្តការអនុវត្តគម្រោងនានាបន្តទៀតនៅកម្ពុជាឲ្យទទួលបានជោគជ័យ។ លោកបញ្ជាក់ថា បច្ចុប្បន្ន KRC មានការិយាល័យតំណាងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់កម្ពុជា ដើម្បីឲ្យមានភាពងាយស្រួលដល់ការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ស្វាគមន៍ដល់គណៈប្រតិភូ សាជីវកម្មសហគមន៍ជនបទកូរ៉េ ដែលមកបំពេញការងារនៅកម្ពុជា និងថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា និយាយជារួម និងនិយាយដោយឡែក KRC បានជួយដល់កម្ពុជាលើផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជាច្រើន ហើយវាក៏ស្របទៅនឹងបរិបទប្រទេសកម្ពុជា ដែលជាប្រទេសកសិកម្ម និងកំពុងជម្រុងការអភិវឌ្ឍន៍ជន ដើម្បីកាត់បន្ថយគម្លាតជីវភាពរវាងទីក្រុង និងជនបទផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បាន និងកំពុងដឹកនាំ និងសម្របសម្រួលដោយផ្ទាល់នូវក្រសួងពាក់ព័ន្ឋជាច្រើនចំនួន លើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ (OVOP) ដែលស្របទៅនឹងសកម្មភាពគម្រោងនានារបស់ KRC។ ដូចនេះ ឯកឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ KRC ធ្វើកិច្ចសហប្រតិបត្តិការជាមួយ OVOP ព្រោះមានគោលដៅ និងសកម្មភាពប្រហាក់ប្រហែលគ្នា ក្នុងការជួយអភិវឌ្ឍន៍ផលិតផលកសិកម្ម បណ្តុះបណ្តាលធនធានមនុស្ស និងរកទីផ្សារជូនកសិករ សិប្បករ នៅតាមទីជនបទ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ទទួលបន្ទុកដោះស្រាយបញ្ហាទីផ្សារជូនកសិករ និងសិប្បករខ្មែរ។ ឯកឧបនាយករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ន គណៈកម្មាធិការជាតិជ ម្រុញចលនាភូមិ១ផលិតផល១ មានបណ្តាញរបស់ខ្លួនតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់ការអនុវត្តគម្រោង និងកម្មវិធីនានានៅថ្នាក់មូលដ្ឋាន ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner