ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ដាក់ចេញផែនការយុទ្ធសាស្ត្រផ្លូវថ្នល់រលោង គ្មានគ្រលុក ទូទាំងស្រុកអូររាំងឪ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានស្រុកបានចេញនូវយុទ្ធសាស្ត្រថ្នល់រលោង គ្មានគ្រលុក នៅទូទាំងស្រុកឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ។
ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងនឹងឈានមកដល់នៅពេលខាងមុខនេះ ដូច្នេះក្រុមការងារបានដាក់យុទ្ធនាការផ្លូវរលោង និងយុទ្ធនាការផ្កា ១លានគុម្ព ដើម្បីចាំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នូវសិរីសួស្តី ជ័យមង្គលជូនដល់ប្រជាជនទាំងអស់នៅស្រុកអូររាំងឪ របស់យើង»។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការផ្លូវរលោង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅវត្តដោយរលូន ជាពិសេសអាចបញ្ចៀសកុំឱ្យប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវទាំងនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារផ្លូវគ្រលុក ជាដើម។
ការបញ្ជាក់បែបនេះ របស់ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវនៅតាមបណ្តាឃុំចំនួន៤ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៃស្រុកអូររាំងឪ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។
ឯកឧត្តម ប្រធានក្រុមការងារបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានរយៈពេល ១១ថ្ងៃនៃយុទ្ធនាការផ្លូវរលោងនេះ គឺក្រុមការងារសម្រេចផែនការបាន ៥០ភាគរយ ដែលមានប្រវែងប្រវែងប្រហែល ២០គីឡូម៉ែត្រ។
ឯកឧត្តម ក៏បានបង្ហាញក្តីសង្ឃឹមថា យុទ្ធនាការផ្លូវរលោងនេះនឹងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងស្រុកអូររាំងឪ ដែលធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយគ្មានឧបសគ្គដោយសារតែផ្លូវគ្រលុក។
សម្រាប់អបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ជាប្រធានក្រុមការងារ បានឧបត្ថម្ភថវិកា សម្រាប់រៀបចំសង្ក្រាន្តដល់វិទ្យាល័យចំនួន៣ ព្រមទាំងរៀបចំធ្វើសង្រាន្តនៅតំបន់ទន្លេស្ងួត លម្អរដោយផ្កាស្បៃរឿង ១លានគុម្ពផងដែរ។
សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានឃុំចំនួន៧ និងមានភូមិចំនួន ១៤២ភូមិ ព្រមទាំងមានតំបន់ទេសចរណ៍ប្រវ ត្តិសាស្ត្រ និងធម្មជាតិមួយចំនួនដែលផ្តល់ជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកចូលមកទស្សនាកម្សាន្តនាឱកាសបុណ្យទានផ្សេងៗជាដើម៕ ង៉ាន ទិត្យ