សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ថ្លែងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីអាល្លឺម៉ង់ នៅកម្ពុជា មានសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។

ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ បានជម្រាបថា នេះគឺជាលើកទី១ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ។

ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាបសិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។

ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។

ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ។ ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូសូមមានសុខភាពល្អ និងទទួលបាននូវមហាជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ / គ្រី សម្បត្តិ + ប៊ុនហុក

សរមៀត ​ប៊ុនហុក
សរមៀត ​ប៊ុនហុក
តាមរយៈទេពកោសល្យ ជំនាញ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ កែសម្រួល កាត់តព័ត៌មាន និងថតផងដែរ បានជម្រុញឱ្យបុគ្គលិករូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីព័ត៌មានសង្គមខ្មែរដ៏មានប្រជាប្រិយភាព។
ads banner
ads banner
ads banner