ចិនប្រឆាំងដាច់អហង្ការចំពោះការដាក់បញ្ជូលអង្គភាពចិនចំនួនប្រាំមួយក្នុងបញ្ជីខ្មៅរបស់អាមេរិក

ប៉េកាំង៖​ ក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិន ប្រឆាំង យ៉ាងដាច់អហង្ការចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបន្ថែមអង្គភាព ចិនចំនួនប្រាំមួយទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក បន្ទាប់ពី បាឡុងចិនអណ្តែតលើទឹកដីអាមេរិកហើយត្រូវបានបាញ់ទម្លាក់កាលពីជាងមួយសប្ដាហ៍មុន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនថ្លែងយ៉ាងដូច្នេះថា៖ «ភាគីសហរដ្ឋ អាមេរិក បានពង្រីកគំនិតសន្តិសុខជាតិ ហើយរំលោភលើការគ្រប់គ្រង ការនាំចេញជាយូរមកហើយ។ អាកប្បកិរិយាបែបនេះ បានប៉ះពាល់ ដល់ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងឧស្សាហកម្មសកល ហើយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍ ពិភពលោក»។

អ្នកនាំពាក្យដដែលបន្តថា៖«ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹង បញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលលើសហគ្រាសចិន ហើយ នឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្រប ច្បាប់របស់សហគ្រាសចិន»។

គួររំឭកថា រដ្ឋបាលបៃដិនកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានដាក់បញ្ជូល អង្គភាពចិនចំនួន៦ ដែលមានទំនាក់ទំនងនឹងបាឡុង«ចារកម្ម»របស់ចិន ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន។ ការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់សហរដ្ឋអាមេរិក បានលើកឡើងថា ចំណាត់ការ របស់ខ្លួនធ្វើឡើងដោយសារតែអង្គភាពទាំងនោះ គាំទ្រកិច្ចខិតខំប្រឹង ប្រែងធ្វើទំនើបកម្មយោធារបស់ចិន ជាពិសេសកម្មវិធីអវកាស របស់ កងទ័ពរំដោះប្រជាជនចិន (PLA) រួមទាំងកប៉ាល់ហោះ(Airship) និងបាឡុង។

អង្គភាពទាំងប្រាំមួយនោះរួមមាន Beijing Nanjiang Aerospace Technology Co., វិទ្យាស្ថានស្រាវជ្រាវទី៤៨ នៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ China Electronics Technology Group Corporation, ក្រុមហ៊ុន Dongguan Lingkong Remote Sensing Technology Co., ក្រុមហ៊ុន Eagles Men Aviation Science and Technology Group Co., ក្រុមហ៊ុន Guangzhou Tian-Hai-Xiang Aviation Technology Co., និងក្រុមហ៊ុន Shanxi Eagles Men Aviation Science and Technology Group Co.។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Don Graves បានសរសេរ នៅបណ្ដាញសង្គមធ្វីតទ័រក្រោយចំណាត់ការត្រូវបានប្រកាសឡើងថា ក្រសួងរបស់លោក នឹងមិនស្ទាក់ស្ទើរក្នុងការបន្តប្រើប្រាស់ ឧបករណ៍ និយតកម្ម និងការអនុវត្តផ្សេងទៀត «ដើម្បីការពារសន្តិសុខជាតិ និង អធិបតេយ្យភាពរបស់សហរដ្ឋអាមេរិកនោះទេ»៕
ដោយ៖ហួនឌីណា
ប្រភព៖ China Slams U.S. for Blacklisting Six Chinese Entities

ads banner