រដ្ឋមន្ត្រីក្រសួងការងារ៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន
(ភ្នំពេញ)៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ សំដៅធានាថា សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់នូវបរិយាកាសការងារ និងវិនិយោគប្រកបដោយចីរភាព និងភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិត ផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្តថា ផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យបដិវត្តន៍ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខិតជិតមកដល់។ ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើងនូវវិវាទការងាររួម កូដកម្ម និងបាតុកម្ម ដែលមានភាពស្មុគស្មាញក្នុងការដោះស្រាយបញ្ចប់ដោយសន្តិវិធី បើទោះបីជា ក្រសួងបានប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។ជាក់ស្តែង កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ នៃរដ្ឋសភា ក៏កាន់តែខិតជិតមកដល់ផងដែរ ដែលក្នុងនោះ ចលនាផ្សេងៗ ក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា។

ដូច្នេះ ការរៀបចំសិក្ខាសាលានាពេលនេះ គឺពិតជាមានសារសំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សាបាននូវស្ថេរភាពអាជីវកម្ម ៕

ដោយ ៖ ហេង វណ្ណា