ពលរដ្ឋ ១១៦នាក់ នៅខេត្តព្រះវិហារ ទទួលបានការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីកាកបាទក្រហមកម្ពុជា
ព្រះវិហារ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយ លើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” ឈានឆ្ពោះទៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងមានការចូលរួមពីក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជានិងអ្នកស្ម័គ្រចិត្ត អាជ្ញាធរពាក់ព័ន្ធនៅស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១១៦នាក់។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។
លោក លិញ យុត អនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសនៅពេលនេះ មានមន្ត្រីជំនាញពីទីស្នាក់ការកណ្តាល និងសាខាខេត្តព្រះវិហារ បានចុះធ្វើការផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត បង្កើនការយល់ដឹងអំពីគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យកទៅកែឆ្នៃ ឬុយកមកលេង ប្រជាពលរដ្ឋខ្លះប្រកបរបររកស៊ីចូលទៅក្នុងព្រៃ ដែលមិនបានគិតពីគ្រោះថ្នាក់ដល់ខ្លួន ក្រុមគ្រួសារ និងអ្នកដទៃ។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ក្នុងអង្គពិធីជាទីនឹរលឹក។ ឯកឧត្តមអគ្គលេខាធិការរងទី២ បានមានប្រសាសន៍ថា “សកម្មភាពអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅ តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ”។
ឯកឧត្តមអគ្គលេខាធិការរងទី២ បានមានប្រសាសន៍បន្តទៀតថា “កាកបាទក្រហមកម្ពុជា មានសេវាផ្តល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ ដែលប្រើប្រាស់ថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការជួយគាំទ្រជនងាយរងគ្រោះ និងរងគ្រោះក្នុងសហគមន៍ ដូចជាគ្រួសាររងគ្រោះដោយសារមីន គ្រួសាររងគ្រោះដោយទឹកជំនន់ គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន និងគ្រួសារយុទ្ធជន ដើម្បីប្រកបរបរកសិកម្ម ឬធ្វើអាជីវកម្មខ្នាតតូចផ្សេងៗ ក្នុងការរកប្រាក់ចំណូលកែលម្អជីវភាពរស់នៅ និងបង្កើនភាពធន់មាំការពារហានិភ័យ នៃគ្រោះមហន្តរាយតាមរយៈការផ្ដល់សម្ភារៈ និងទុនក្នុងទំហំទឹកប្រាក់ ១.០០០.០០០រៀល (មួយលានរៀល ឬ ២៥០ដុល្លាអាមេរិក) ហើយត្រូវបង់សងរំលស់ប្រចាំខែតាមកិច្ចសន្យា ដើម្បីបានផ្ដល់ទៅអ្នកថ្មីខ្ចីបន្តបន្ទាប់ទៀត ។
បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ រួមជាមួយក្រុមការងារ បានបន្តចុះពិនិត្យគ្រួសារទទួលបា្រក់កម្ចីចំនួន ១០គ្រួសារ ក្នុងនោះ ភូមិវាលពោធិ៍ ៣គ្រួសារ ភូមិជាំក្សាន្ត ៧គ្រួសារ ៕ ដោយ / គ្រី សម្បត្តិ