ខេត្តព្រះសីហនុអះអាងថាករណីបង្ក្រាបការជួញដូរមនុស្សមានភាពធូរស្រាល (Video Inside)
ខេត្តព្រះសីហនុបានលើកឡើងនូវភាពធូរស្រាល នៃករណីជួញដូរមនុស្សខុសច្បាប់ ប៉ុន្តែបានលើកឡើងនូវកង្វល់ឧក្រិដ្ឋកម្មផ្នែកបច្ចេកវិទ្យា ដោយសារតែក្រុមជំនាញនៅមានសមត្ថភាព លើកម្រិតយល់ដឹងទាំងនោះ។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្ស ខុសច្បាប់ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២ ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយ សន្យាឱ្យកម្រៃពលកម្មច្រើន។
ក្នុងយុទ្ធនាការបង្ក្រាបនោះ, ខេត្តព្រះសីហនុគឺជាខេត្តមួយ ដែលមានករណីកើតឡើងច្រើនជាងគេ កន្លងមកពាក់ព័ន្ធនឹងករណីជនជាតិចិន… ប៉ុន្តែថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្តាហ៍នេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងថា បញ្ហាជួញដូរមនុស្សខុសច្បាប់នោះ បានធូរស្រាលវិញហើយ។
នៅជាមួយគ្នានេះផងដែរ, ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅស្ថានទូតចិននាថ្ងៃទី១៥កុម្ភៈ បញ្ជាក់ដែរថា ករណីជួញដូរមនុស្សនៅ ក្រុងព្រះសីហនុបានធ្លាក់ចុះគូរឱ្យកត់សម្គាល់។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងខេត្តព្រះសីហនុ ដែលមានជនបរទេសរស់នៅច្រើនជាពិសេសជនជាតិចិន, ករណីឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅតែជាកង្វល់របស់អាជ្ញាធរខេត្ត ដោយសារតែការយល់ដឹងរបស់សមត្ថកិច្ចរបស់កម្ពុជាលើជំនាញ IT នៅមានកម្រិត។
ភាពចន្លោះនៃការបង្ក្រាបអំពើជួញដូរមនុស្ស និងបញ្ហាធំៗមួយចំនួនទាក់ទងនឹងកត្តាឧក្រិដ្ឋបច្ចេកវិទ្យា, ការជួញដូរលុយកខ្វក់ និងបញ្ហាគ្រឿងញៀនជាដើម បាននាំឱ្យក្រុមការងារ ហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើកទី២ក្នុងឆ្នាំ២០១៩។
កម្ពុជាបានប្រឹងប្រែងជាខ្លាំងក្នុងការអនុវតុ្តតាមផែនការសកម្មភាព១៤ចំណុច ដាក់ចេញដោយអង្គការ FATF ដើម្បីការនាំឈ្មោះកម្ពុជាចាកចេញពីបញ្ជីប្រផេះនោះ។ គេរំពឹងថាកម្ពុជាសង្ឃឹមនឹងអាចជម្រះខ្លួនចេញពីបញ្ជីប្រផេះរបស់អង្គការFATFនេះនៅក្នុងខែមីនា ឬខែមិថុនាឆ្នាំ២០២៣នេះហើយ។