ក្រុមការងាររដ្ឋបាលរាជធានី បាន និងកំពុងមមាញឹកផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋនៅបុរីកីឡា ឱ្យរួចរាល់ក្នុងរយៈពេល ២ថ្ងៃ

ភ្នំពេញ ៖ អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ នៅថ្ងៃទី១៧កុម្ភៈនេះបាននិងកំពុងផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ស្មើនិង១៣៩២បន្ទប់ យ៉ាងមមាញឹកបំផុត ក្រោយពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជននេះ កាលនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលម៉ិញ។

ឯកឧត្តម ឃួង ស្រេង បានណែនាំថា ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ត្រូវចែកជូនប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡានេះអោយរួចរាល់ក្នុងរយៈពេល២ថ្ងៃ។ ទទួលបានការណែនាំនេះ អាជ្ញាធរនិងមន្ទីរខាងលើបានបែងចែកក្រុមការងារចំនួន៨ក្រុម ពោលគឺចែកនៅគ្រប់អគារតែម្តង សំដៅធ្វើយ៉ាងណាអោយការងារនេះបានលឿន ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងអាគារបុរីកីឡាទាំងជាង១២០០គ្រួសារ បានសម្ដែងនូវការត្រេកអរ រំភើព រីករាយនិងអរគុណយ៉ាងខ្លាំង ចំពោះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ប្រគល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ មានសិទ្ធិដោយគ្មានការភ័យខ្លាច ។

អ្នកស្រី ជា សូរិយា ដែលកំពុងរស់នៅជាន់ទី៦ បានបង្ហាញក្តីរីករាយថា លោកស្រីពិតជាមិននឹកស្មានថា មានភ័ព្វសំណាងទទួលបានបណ្ណកម្មសិទ្ធិ ដូចប្រជាពលរដ្ឋទូទៅនោះទេ ។ អ្វីដែលធ្វើឲ្យលោកស្រីរីករាយបំផុត គឺសម្ដេចប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញគិតគូរដល់សុខទុក្ខនិងផ្ដល់ភាពកក់ក្តៅ ដល់អ្នករស់នៅសំណង់បុរីកីឡាទាំងអស់។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសំណង់អគារបុរីកីឡា «សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ផ្ដល់ជូននូវបានកម្មសិទ្ធិដល់យើងខ្ញុំទាំងអស់គ្នា នាពេលនេះ»។

ចំណែកលោក ហយ ហ៊ុន និងលោកស្រី លុក លន់ចាន់ថាវរី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាការសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក៏ដូចជាប្រជាពលរដ្ឋដែលងាយរងគ្រោះ ហើយថ្ងៃនេះរូបលោកនិងប្រជាពលរដ្ឋ ដែលរស់នៅទីនេះទាំងអស់បានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រងលើផ្ទះសម្បែងដោយភាពកក់ក្តៅបំផុត និងមានឱកាស បានយកប្លង់ផ្ទះទាំងនោះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា តំបន់បុរីកីឡាមានអគារចំនួន៨ មានប្រជាពលរដ្ឋចំនួនជាង១២០០គ្រួសារ ស្មើ១,៣៩២យូនីត ឬ១,៣៩២ បន្ទប់៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner