អភិបាលខេត្តបាត់ដំបង និង អភិបាលខេត្តច័ន្ទបុរី ជំនួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

(បាត់ដំបង) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាងខេត្ដទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។

ជំនួបពិភាក្សាការងារដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលបានរស់នៅតំបន់ព្រំដែន ។

ក្នុងជំនួបនេះភាគីខេត្តទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

ឯកឧត្តម សុខ លូ និងឯកឧត្តម មន្ដសិទ្ធិ៍ផៃសានធនវ័ត្ន បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អហើយភាគីទាំងពីរ ក៏បានប្ដេជ្ញាក្នុងការបង្កើន នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផ្តល់នូវអត្ថប្រយោជន៍រួមគ្នា ក្នុងដែននៃសមត្ថកិច្ចតាមលក្ខខណ្ឌច្បាប់ លិខិតបទដ្ឋាន របស់ ប្រទេសទាំងពីរ (កម្ពុជា-ថៃ) ។

ភាគីទាំងពីរ ក៏បានជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ លើការបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែន មានសន្តិភាព ការអភិវឌ្ឍ រីកចម្រើននិងប្រជាពលរដ្ឋបានប្រកបមុខរបររកស៊ីនិងរស់នៅ ប្រកបដោយភាពសុខដុមរមនា ។

គួរបញ្ជាក់ថា ៖ ការដោះដូរទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី មានដូចជា៖រថយន្ត សម្ភារគ្រឿងសំណង់ ជី ថ្នាំកសិកម្ម ភេសជ្ជៈ ស្រាបៀរ ទឹកបរិសុទ្ធ គ្រឿងឧបភោគបរិភោគ បន្លែ ផ្លែឈើ គ្រឿងអេឡិចត្រូនិក ផលិតផលវាយនភណ្ឌ និងគ្រឿងបន្លាស់រថយន្ត ជាដើម ៕ អ៊ុក សំអាន បប

ads banner