មនុស្ស ៥៣ នាក់បានបាត់ជីវិតក្នុងការបាញ់ប្រាហារពីសំណាក់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី
ស៊ីរី៖យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសស៊ីរី កាល ពី ព្រឹកថ្ងៃសុក្រនេះ បានឱ្យដឹងថា មនុស្ស ៥៣ នាក់ត្រូវបានបាន បាត់បង់ជីវិតនៅក្នុងការវាយប្រហារពីសំណាក់ក្រុមភេវរជន ISIL ឬហៅថា ISIS នៅក្នុងខេត្ត Homs ភាគកណ្តាលវាលខ្សាច់ របស់ ប្រទេសស៊ីរី ។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ SANA បានរាយការណ៍ថា សាកសព ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ Palmyra ដោយមានរបួសគ្រាប់កាំភ្លើងនៅចំក្បាល ។ SANA បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំងអស់បាននាំគ្នាទៅប្រមូលផ្លែផ្សិត Truffles ដែលដុះពីក្នុងដីនៅឯវាលខ្សាច់ភាគខាងកើតនៃទីក្រុង Homs ។
នាយកមន្ទីរពេទ្យ Palmyra លោក Walid Audi បានប្រាប់ ទៅដល់ សារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់មាន ៤៦ នាក់ជា ជនស៊ីវិល និង៧ នាក់ជាទាហាន ។ ចំណែកឯ ប្រាំ នាក់ទៀតបាន រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត ។ ក្នុងនោះដែរ អ្នករស់រានមានជីវិតម្នាក់បានប្រាប់ SANA ថាក្រុម ភេរវជន ISIL ឬ ISIS បានដុតកម្ទេចឡានរបស់ពួកគេ។
គួរបញ្ជាក់ដែរថា នារយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សជាច្រើនរួមមាន មនុស្សស្រី និងកុមារបានក្លាយទៅជាគោលដៅមួយ ក្នុងការបាញ់ ប្រហារ ខណៈពេលពួកគេចុះទៅប្រមូលផ្សិត Truffles នៅភាគ កណ្តាល ភាគឦសាន និងភាគខាងកើតនៃប្រទេសស៊ីរី ។
ជុំវិញបញ្ហានេះ នៅមិនទាន់មានការអះអាងចំពោះការ ទទួលខុស ត្រូវពីពួក ISIL នៅឡើយទេ។ ប៉ុន្តែគ្រប់គ្នាជឿថា ISIL ត្រូវទទួល ខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយសារកន្លងមក កាលពីខែ មករា ឆ្នាំ ២០២២យុទ្ធជនរបស់ខ្លួនបានវាយលុកចូកទៅក្នុង ពន្ធនាគារ មួយនៅភាគឦសាននៃទីក្រុង Hassaakeh គ្រប់គ្រងក្រោមជនជាតិ ឃីដ ក្នុងគោលបំណងចង់ដោះលែងសមាជិករបស់ខ្លួន ។
គួររំឮកផងដែរថា ក្រុមនេះធ្លាប់បានកាន់កាប់ទឹកដីជាច្រើនយ៉ាង សន្ធឹក សន្ធាប់ក្នុងប្រទេសស៊ីរីប៉ុន្តែត្រូវបានបាត់បង់ទៅវិញដោយសារការវាយប្រហារពីសំណាក់យុទ្ធជនគាំទ្រដោយសហរដ្ឋអាមេរិក កង កម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្សី អ្នកប្រយុទ្ធក្នុងតំបន់ និងក្រុម ឧទ្ទាមដែលគាំទ្រដោយតួកគី ។ ប៉ុន្តែឥឡូវនេះក្រុម ISIL បាន ប្រើប្រាស់ យុទ្ធជនលាក់មុខរបស់ខ្លួនចូលទៅតាមតំបន់ផ្សេង ដើម្បីត្រៀមខ្លួនក្នុងការវាយលុក និងធ្វើដំណើរចូលទៅក្នុងប្រទេសស៊ីរី ។
ក្រោយការវាយប្រហារពីក្រុមភេវរករ និងទទួលបានដំណឹងពី យុទ្ធជនលាក់មុខនេះ រដ្ឋាភិបាលស៊ីរីបានបញ្ជាឱ្យដាក់កម្លាំង កងទ័ព ទូទាំងប្រទេសយ៉ាងប្រុងប្រយ័ត្ន ហើយពឹងផ្អែកយ៉ាងខ្លាំងទៅលើ សម្ព័ន្ធមិត្តរបស់ខ្លួន រួមមានក្រុមប្រដាប់អាវុធលីបង់ Hezbollah និងអ៊ីរ៉ង់ ដើម្បីរក្សាការពារទឹកដីប្រទេស ៕
ដោយ៖ ឡេង អារីតា