រដ្ឋមន្រ្តីក្រសួងអប់រំប្រកាសបើកជាផ្លូវការសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៩ដោយមានប្រតិភូជាតិអន្តរជាតិចូលរួមចំនួន ១៥០០នាក់
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រកាសបើកជាផ្លូវការសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៩ ក្រោមប្រធានបទ “Our Next Normal: Resilience Building and Future-Ready ELT” ដែលមានប្រតិភូជាតិ និងអន្តរជាតិជាង ១ ៥០០ នាក់ មកពីជុំវិញពិភពលោក ពិធីនេះបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី មានសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាផ្នែកមួយនៃសន្និសីទ CamTESOL ហើយក៏ជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩។ សន្និសីទ CamTESOL ផ្ដួចផ្ដើមរៀបចំឡើងដោយ IDP Education (Cambodia) តាំងពីឆ្នាំ ២០០៥ និងជាសន្និសីទ ELT ដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក CamTESOL ជាកម្មវិធីអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំនាញ ELT នៅកម្ពុជាក្នុងការចូលរួមបង្កើតបណ្ដាញ និងសហការជាមួយអ្នកជំនាញនៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សម្ដែងនូវការអបអរសាទរ និងគាំទ្រចំពោះ IDP Education ដែលបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទ CamTESOL ដ៏មានសារៈសំខាន់នេះ ដែលជួយដល់ការលើកកម្ពស់គុណភាពគ្រូបង្រៀនភាសាអង់គ្លេសកម្ពុជា និងថ្លែងអំណរគុណដល់គ្មិន និងគណៈប្រតិភូទាំងអស់សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិជ្ជាជីវៈដ៏គួរឱ្យគោរព ក្នុងការបង្រៀនភាសាអង់គ្លេស និងវិស័យអប់រំជាទូទៅ ៕ ដោយ-រ៉ាវុធ