ប្រេសិតពិសេសចិនប្រាប់ណាតូឱ្យឈប់ធ្វើជាអ្នកបង្កើតបញ្ហា
វ៉ាស៊ីនតោន៖ ថ្លែងនៅក្នុងសន្និសីទសង្ខេបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន បានកត់សម្គាល់ថា វិបត្តិដែលកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែន គឺជាលទ្ធផលនៃការបន្តពង្រីកឥទ្ធិពលរបស់អង្គការណាតូឆ្ពោះទៅភាគខាងកើត។
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន បានជំរុញឱ្យប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ បោះបង់ចោលនូវចិត្តគំនិតសង្គ្រាមត្រជាក់របស់ខ្លួន ហើយឈប់ធ្វើជា “អ្នកបង្កបញ្ហា”។ លោក ចាង បានសង្កត់ធ្ងន់ថា អឺរ៉ុប និងសូម្បីតែពិភពលោកទាំងមូល នឹងត្រូវជាប់នៅក្នុងភាពចលាចលកាន់តែខ្លាំង លុះត្រាអង្គការណាតូផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន។
ទន្ទឹមគ្នា អ្នកការទូតចិនរូបនេះបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ប្រទេសចិន ឱ្យមានការឈប់បាញ់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានជំរុញឱ្យភាគីទាំងពីរចាប់ផ្តើមការចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក ចាង ក៏បានស្នើដែរថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ គួរតែអង្គុយទល់មុខគ្នាជាមួយរុស្ស៊ី សម្រាប់ការសន្ទនាដ៏ទូលំទូលាយ និងស៊ីជម្រៅ ដោយផ្អែកលើគោលការណ៍នៃភាពមិនអាចបំបែកបាននៃសន្តិសុខ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា