ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីតាលីនឹងបញ្ជូនយន្តហោះចម្បាំង ដល់អ៊ុយក្រែន ប្រសិនបើលោកខាងលិចធ្វើដូច្នេះមុនសិន
រ៉ូម៖ កាសែត La Repubblica បានរាយការណ៍កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា រដ្ឋាភិបាលអ៊ីតាលីបាននឹងកំពុងពិនិត្យជាសម្ងាត់នូវជម្រើសសម្រាប់ការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន។
យោងតាមកាសែតនេះ កិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងយន្តហោះដល់ទៅ៥គ្រឿងអាចនឹងជួបឧបសគ្គ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែននាពេលខាងមុខ ដោយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី។ បើតាមកាសែតនេះ ទោះបីជាយ៉ាងណា អ៊ីតាលីមិនចង់ក្លាយជាប្រទេសដំបូងដែលផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងយន្តហោះដែលផលិតដោយលោកខាងលិចនោះទេ។
កាសែតនេះបានពន្យល់ថា អ៊ីតាលីនឹងយល់ព្រមក្នុងការចែកចាយយន្តហោះ លុះត្រាតែប្រទេសផ្សេងទៀតធ្វើដូច្នេះជាមុនសិន ដោយបន្ថែមថា អ៊ីតាលីចង់ឱ្យសម្ព័ន្ធមិត្តផ្សេងទៀត ដូចជាចក្រភពអង់គ្លេស ដឹកនាំដំណើរការនេះ។
កាសែតនេះបន្ថែមថា អ៊ីតាលីក៏នឹងមិនរារាំងអង់គ្លេសពីការបញ្ជូនយន្តហោះចម្បាំង Typhoon ទៅកាន់អ៊ុយក្រែនផងដែរ ដោយបន្ថែមថា វិធានការបែបនេះនឹងតម្រូវឱ្យមានការយល់ព្រមពីគ្រប់ប្រទេស ដែលពាក់ព័ន្ធនឹងការផលិតយន្តហោះចម្បាំង។
យ៉ាងណាមិញ រុស្ស៊ីក៏ធ្លាប់បានព្រមានរួចហើយថា ការចែកចាយសព្វាវុធរបស់លោកខាងលិចគ្រាន់តែអូសបន្លាយជម្លោះ និងពង្រីកការឈឺចាប់របស់មនុស្ស ក៏ដូចជាប្រថុយនឹងការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា