ជប៉ុន សន្យាផ្តល់ជំនួយបន្ថែម ៥.៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន
តូក្យូ៖ ប្រទេសជប៉ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់៥.៥ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃចន្ទទី២០ ខែកុម្ភៈ ប៉ុន្មានថ្ងៃមុនខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ី។
ការប្រកាសរបស់លោក គីស៊ីដា ខាងលើនេះ បានកើតមានឡើងចំពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចមិនប្រកាសជាមុនមួយទៅកាន់រដ្ឋធានីកៀវបានសន្យាថា នឹងផ្តល់ជំនួយ ៥០០លានដុល្លារសម្រាប់ជាជំនួយយោធា ក៏ដូចជាបង្កើនការចែកចាយអាវុធដល់អ៊ុយក្រែន។
ជប៉ុនដែលជាប្រធានក្រុមប្រទេស G7 នៅឆ្នាំនេះ បានចូលរួមជាមួយមហាអំណាចលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្លួនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែនរួចហើយ ដែលមានទឹកប្រាក់ ៦០០លានដុល្លារ រួមជាមួយនឹងជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ដែលមានតម្លៃរាប់រយលានដុល្លារ។ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។
ប៉ុន្តែលោក គីស៊ីដា បាននិយាយនៅក្នុងសុន្ទរកថានៅឯសន្និសិទគំនិតមួយនៅទីក្រុងតូក្យូថា នៅតែមានតម្រូវការ ក្នុងការជួយដល់ប្រជាជនដែលជីវភាពរបស់ពួកគេត្រូវបានបំផ្លាញដោយសារសង្រ្គាម និងដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធដែលត្រូវរងការខូចខាត។ យើងបានសម្រេចចិត្តផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមចំនួន ៥.៥ពាន់លានដុល្លារ។
លោក គីស៊ីដា ក៏បានប្រកាសឱ្យដឹងផងដែរថា គាត់នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំតាមអនឡាញ នៃមេដឹកនាំ G7 ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលជាខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ទីណា