សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវដល់ស្ត្រីមាន ផ្ទៃពោះ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់និងជំរុញឱ្យក្រុមគ្រូពេទ្យ បំពេញ វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាបានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យសុខភាពឱ្យបានទៀងទាត់និងជំរុញឱ្យក្រុមគ្រូពេទ្យបំពេញវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ។ ការអំពាវនាវ នេះតាមរយៈក្នុងសារលិខិតក្នុងឱកាសទិវាជាតិសុខភាពមាតាទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពស្ត្រី និងកុមារបានអំពាវនាវថា «ស្ត្រីទាំងអស់ទៅពិនិត្យសុខភាពនិង ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួនបួនដង តាមពេលវេលាកំណត់។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថែមទាំងជំរុញឱ្យមាតាទាំងអស់ ទៅទទួលថ្នាំបង្ការ ជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ព្រមទាំង ទៅ ទទួលយកសេវាបង្ការនិងព្យាបាលធ្វើតេស្តឈាមរក មេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពី ម្តាយទៅកូន»។
សារលិខិតបញ្ជាក់ថា ស្ត្រីទាំងអស់ ត្រូវ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះ បណ្តាលត្រឹមត្រូវ ។ម្យ៉ាងទៀត ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ ត្រូវយក ចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតដល់ កូន មានអាយុពីរឆ្នាំ។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នក ផ្តល់ សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋា ភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ ថា ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ខាងមុខនេះ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចពិភាក្សា ស្តីពី «រួមគ្នា ពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហា រូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០»សម្រាប់អប់រំផ្សព្វផ្សាយ ឱ្យទូលំទូលាយជាប្រយោជន៍ដើម្បី លើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពរបស់មាតានិងទារក។
លោកជំទាវបញ្ជាក់ថា “ប្រធានបទនៃកិច្ចពិភាក្សានេះ គឺ លោកស្រីប្រធាន កាកបាទ ក្រហម បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា នៅក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ ជំងឺកូវីដ-១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាល ភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មាន ចីរភាព ឆ្នាំ២០៣០៕
ដោយ៖យុទ្ធ វីរៈ