ចិនអះអាងថា ភាគជាដៃគូរវាងរុស្ស៊ី-ចិន មិនដែលសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ

មូស្គូ៖ មន្រ្តីការទូតកំពូលរបស់ចិន នៅថ្ងៃពុធសប្តាហ៍នេះបានថ្លែងថា ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងចិន និងរុស្ស៊ីសម្រាប់យុគសម័យថ្មីនេះ មិនដែលសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ហើយក៏មិនអត់ឱនឱ្យភាគីទីបីចូលជ្រៀតជ្រែក ឬធ្វើការបង្ខិតបង្ខំណាមួយឡើយ។

លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ក្នុងជំនួបជាមួយមេដឹកនាំរុស្ស៊ី បានជម្រាបជូនលោក ពូទីន នូវការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយថា ប្រធានាធិបតីទាំងពីរបានធ្វើសន្និសីទវីដេអូដ៏សំខាន់មួយកាលពីចុងឆ្នាំមុន ដែលបានកំណត់ទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងឆ្នាំថ្មីនេះ។

ជាការឆ្លើយតប លោក ពូទីន បាននិយាយថា បច្ចុប្បន្នទំនាក់ទំនងរុស្ស៊ី-ចិនកំពុងឆ្ពោះទៅរកគោលដៅដែលបានបង្កើតឡើង ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ និងការសម្របសម្រួលនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ BRICS និងអង្គការពហុភាគីផ្សេងទៀត គឺទទួលបានលទ្ធផលជាផ្លែផ្កា។ លោក ពូទីន បន្តថា ការពង្រឹងឯកភាព និងការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិ មានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើង ក្នុងទំនាក់ទំនងអន្តរជាតិ និងតុល្យភាព រួមទាំងស្ថិរភាពអន្តរជាតិ។

ក្នុងអំឡុងការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាអ៊ុយក្រែនជាមួយលោក ពូទីន លោក វ៉ាង បានកោតសរសើរចំពោះការបញ្ជាក់ជាថ្មីរបស់រុស្ស៊ីអំពីឆន្ទៈរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះ តាមរយៈការសន្ទនា និងការចរចា។ លោក វ៉ាង បន្ថែមថា ចិននឹងនៅតែរក្សាគោលជំហរដែលមានគោលបំណង និងយុត្តិធម៌ ហើយដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិតាមរយៈមធ្យោបាយនយោបាយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner