ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធឡើងតាមការគ្រោងទុកនៅខេត្តកំពង់ធំ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកការប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដោយមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឯកឧត្តមអគ្គលេខាធិការរង និង ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅទីព្រះស្រែ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំនៅថ្ងៃ៤ រោច ខែពិសាខ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណី ទំនៀម ទម្លាប់មួយ និងដើម្បីជាសារប្រកាសប្រាប់បណ្តាប្រជាកសិករខ្មែរ ឱ្យដឹងអំពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំ ដាំដុះផ្សេងៗ។

ព្រះ រាជ ពិធី ច្រត់ ព្រះ នង្គ័ល បាន ចាក់ ឫស យ៉ាង ជ្រៅ ក្នុង ទំនៀម ទម្លាប់ ខ្មែរ បើតាម ប្រវត្តិសាស្ត្រ និង ចម្លាក់ នានា។
ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និង គ្រាប់ពូជ ដំណាំផ្សេងៗ គោ ក្របី រទេះឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល បានជម្រាបជូនពីព្រះរាជកម្មវិធី និងការប្រព្រឹត្តទៅនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល និងបានផ្តល់នូវអនុសាសន៍មួយចំនួនស្តីអំពី គម្រោងផែនការ ណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំចាប់តាំងក្រុមពិធីការនៅតាមផ្លូវចូលទៅកាន់ទីតាំង សម្រាប់ប្រារព្ធព្រះរាជពិធី ការរៀបចំទង់ជ្វាលីនៅទីតាំងព្រះពន្លាជ័យ និងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម ។

អង្គប្រជុំ ក៏បានពិភាក្សាផងដែរ អំពីការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លមុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីមានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត។ ការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ធំ ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យសម្រេចបាន លទ្ធផលល្អប្រសើរ។

សូមជម្រាបជូនថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ស្តេចមាឃ និង មេហួ ដែលមាន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈភិបាលខេត្តកំពង់ធំ ជាស្តេចមាឃ និងលោកជំទាវ ហុង ផានី ជាមេហួ ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner