មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញមោទនភាពដែលអត្រានៃ អ្នកជក់បារីនៅកម្ពុជាបានថយចុះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបង្ហាញមោទនភាព ចំពោះ អត្រានៃ អ្នកជក់បារីនៅក្នុងប្រទេសកម្ពុជា មានការថយចុះ ខណៈ គិតត្រឹម ដើមឆ្នាំ២០២៣នេះ អ្នកជក់បារីទូទាំងប្រទេសប្រមាណ ១.៦លាននាក់ ស្មើនឹង១៣ភាគរយ នៃប្រជាជនអាយុពី១៥ឆ្នាំឡើង។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអង្កេតថា្នក់ជាតិលើមនុស្ស ពេញ វ័យស្តីពី ថ្នាំជក់នៅប្រទេសកម្ពុជាឆ្នាំ២០២១ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការត្រួតពិនិត្យ ផលិត ផល ថ្នាំ ជក់ បានថ្លែង ថា លោកមានការសប្បាយចិត្ដ និងមានមោទនភាពដែលកម្ពុជាយើងមាន ការ ថយចុះនៃការជក់បារីបែបនេះ។

ឯកឧត្តមបន្តថា ការថយចុះនៃអត្រានៃអ្នកជក់បារីនេះ ដោយសារតែមាន ការ ចូលរួមពីអន្ដរក្រសួង និងអង្គការដៃគូ ដែលជំរុញឱ្យការផ្សព្វផ្សាយអប់រំរបស់ ក្រសួងបានដល់ដៃប្រជាពលរដ្ឋយើងនៅតាមសហគមន៍ ដែលធ្វើឱ្យពួកគាត់ មានការយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់ដល់សុខភាពដោយសារជក់បារី។
មន្ដ្រីជាន់ខ្ពស់រូបនេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននឹងកំពុង ប្រើ ប្រាស់ផលិតផលថ្នាំជក់ទាំងអស់ គួរលះបង់ទម្លាប់ប្រើប្រាស់និងចៀស វាង ឱ្យឆ្ងាយ ដើម្បីសុខភាពផ្ទាល់ខ្លួន និងគ្រួសារ។ លោក ក៏បានអំពាវនាវ ដល់ ស្ថាប័នពាក់ព័ន្ធ ទាំងអស់បន្ដចូលរួមអនុវត្ត និងជំរុញការអនុវត្ត ច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព។
របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បង្ហាញថា អត្រាអ្នកជក់បារីទូទាំងប្រទេសក្នុងចំណោមប្រជាជនអាយុពី១៥ឆ្នាំឡើង នៅឆ្នាំ២០១៤ មាន១៧ភាគរយ បានធ្លាក់ចុះមកត្រឹម១៣ភាគរយ ក្នុង ឆ្នាំ២០២១ នេះ ក្នុងនោះអត្រាបុរសជក់បារី ៣៣ភាគរយនៅឆ្នាំ ២០១៤ ចុះមក ២៥ភាគរយ ឆ្នាំ២០២១។ នេះបើតាមការអង្កេតក្នុងរយៈពេល ៥ឆ្នាំ ម្ដង។
លោកស្រី ឈី វ៉ា អភិបាលរង ខេត្តកោះកុង ដែលបានចូលរួមចូលរួម សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃការអង្កេតថ្នាក់ជាតិលើមនុស្សពេញ វ័យស្តីពីថ្នាំជក់នៅប្រទេសកម្ពុជា ឆ្នាំ២០២១ បានថ្លែងទទួលស្គាល់ថា អ្នកជក់បារីសម្រាប់មនុស្សពេញវ័យសនៅប្រទេសកម្ពុជាបានការថយចុះដ៏គួរឱ្យកត់សម្គាល់ ។ លោកស្រីបន្តថា នៅក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅប្រទេសកម្ពុជា ក៏ដូចជាការអនុវត្តអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ក៏មានវឌ្ឍនភាពផងដែរ៕
ដោយ៖យុទ្ធវីរៈ

ads banner