ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ផ្តើមបង្កើតឆែនណែលតេឡេក្រាម ដើម្បីផ្តល់ព័ត៌មាន
ភ្នំពេញ:
បណ្តាស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានទាំងអភិបាលខេត្តមួយចំនួនផងនោះ បានចាប់បង្កើតឆែលណែលតេឡេក្រាម ជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ព័ត៌មានផ្សេងៗទាក់ទងការអភិវឌ្ឍនៅក្នុងខេត្ត និងការបំភ្លឺព័ត៌មានផ្សេងៗ។
ការបង្កើតឆែលណែលតេឡេក្រាមជាបន្តបន្ទាប់នេះ បន្ទាប់ពីមានការផ្តល់អនុសាសន៍ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ គួរមានឆែលណែតក្រាមផ្ទាល់ខ្លួន ដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងអាចបកស្រាយចម្ងល់របស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានទាន់ពេលវេលា ខណៈបច្ចុប្បន្ន សម័យបច្ចេកវិទ្យាមានលក្ខណៈទូលំទូលាយ។
ជាការកត់សម្គាល់នោះ ស្ថាប័ននិងអភិបាលមួយចំនួនដែលទើបបង្កើតឆែលណែលតេឡេក្រាមរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តបន្ទាយមានជ័យ និង រដ្ឋបាលខេត្តរតនគីរី ជាដើម។
ជាមួយគ្នានោះក៏ឃើញមាន អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន អភិបាលខេត្តបាត់ដំបងលោក សុខ លូ និងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី ក៏បានបង្កើតឆែលណែលតេក្រាមផ្ទាល់ខ្លួនផងដែរ។
ក្នុងពិធិសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ខែកុម្ភៈ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅកាន់ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាអភិបាលខេត្ត គួរបង្កើតឆឆែនណែលតេឡេក្រាម ដើម្បីផ្តល់ព័ត៌មានបានលឿន និងរហ័ស។
សម្ដេចតេជោថ្លែងថា៖«អភិបាលខេត្ត-រាជធានី បង្កើតមួយទៀតឆែលណែលតេឡេក្រាម នេះជាការឆ្លើយតបលឿនបំផុត ឧទាហរណ៍មានព័ត៌មានមួយចេញមក អ្នកដែលអាចបំភ្លឺបាន ដោយមិនចាំបាច់បង្ហោះ
ហ្វេសប៊ុក ដើម្បីឆ្លើយតបតាមប្រព័ន្ទតេឡេក្រាម។ សម្រាប់ខ្ញុំមកដល់ពេលនេះឆែនណែលតេឡេក្រាមរបស់ខ្ញុំមានចំនួនជាង ៤៤ម៉ឺននាក់ ហើយខ្ញុំសូមលើកទឹកចិត្តឱ្យបង្កើតឆែនណែលនេះ ដោយសារប្រទេសយើងមនុស្សចូលចិត្តប្រើតេឡេក្រាម»។ ខ្ញុំចង់ឱ្យបង្កើត ដើម្បីឱ្យអស់លោកងាយស្រួល ពេលបង្កើតឆែនណែលតេឡេក្រាមរបស់ខ្លួន អស់លោកផ្សព្វផ្សាយព័ត៌មានអីមួយមក ខ្ញុំអាចយកព័ត៌មានរបស់លោកបញ្ចូលឆែនណែលតេឡេក្រាមរបស់ខ្ញុំ»៕
ដោយ: សុខ រក្សា