មន្រ្តីសុខាភិបាល៖លទ្ធផលតេស្តសំណាកចំនួន២៩ដែល ជាប់ពាក់ព័ន្ធ ជំងឺ ផ្តាសាយបក្សី H5N1 អវិជ្ជមានទាំងអស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា លទ្ធផល តេស្ត ចំនួន២៩ សំណាកដែលពាក់ព័ន្ធជាមួយកុមារីដែលបានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 គឺអវិជ្ជមានទាំងអស់រួម ទាំងឪពុករបស់កុមារីនេះផងដែរ ខណៈមន្រ្តីសុខាភិបាល និង អាជ្ញាធរខេត្តកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់។

រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្ដិ បានឱ្យដឹងថា យោងតាមបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រនិងវិទ្យា ស្ថាន សុខភាព សាធារណៈ កាលពីយប់ថ្ងៃទី២៦ខែកុម្ភៈនេះ សំណាកសរុប ចំនួន ២៩ដែលត្រូវបានយកមកធ្វើតេស្តរកមេរោគ H5N1 គឺលទ្ធផល បង្ហាញថាអវិជ្ជមានទាំងអស់ ដែលជាអ្នកប៉ះពាល់ជាមួយអ្នកស្លាប់ រួមទាំងឪពុកអ្នកជំងឺផងដែរ។ យើងបានធ្វើតេស្ដទៅអ្នកពាក់ព័ន្ធផ្ទាល់ ហើយលទ្ធផលគឺអវិជ្ជមាន រួមទាំងឪពុកដែលឆ្លងពីកូនស្រី ដោយការ រាប់មេរោគក្នុងខ្លួនតិចណាស់ ឥឡូវនេះគាត់អវិជ្ជមានដែរ ហើយអ្នក ផ្សេងៗ ទៀតយើងកំពុងស្រាវជ្រាវបន្ដ និងអប់រំប្រជាពលរដ្ឋឱ្យអនុវត្ត វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន»។

លោកជំទាវបញ្ជាក់ថា ទោះជាលទ្ធផលមកអវិជ្ជមាននៃជំងឺផ្ដាសាយ បក្សី ទាំងអស់ក៏ដោយ ប៉ុន្តែមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅតែ បន្ដដុតដៃដុតជើង ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ពោលមិនមែនតែ ខេត្ដ ព្រៃវែងទេគឺធ្វើនៅទូទាំងប្រទេស តាមរយៈអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងផ្សព្វផ្សាយស្ពតអប់រំផ្ដាសាយបក្សីនៅតាម ទូរទស្សន៍ សហគមន៍ និងបណ្ដាញសង្គម ជាដើម។

ប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង លោក ញ៉ែម សៅគ្រី បានថ្លែងប្រាប់ នៅថ្ងៃទី២៦ ខែកុម្ភៈថា មន្រ្តីសុខាភិបាល និងអាជ្ញាធរនៅបន្តតាមដាន តំបន់ដែលមានការឆ្លងជំងឺផ្តាសាយបក្សី H5N1 ជាប្រចាំ ដើម្បី ត្រៀមឆ្លើយតបផ្នែកសុខាភិបាលនៅពេលមានភាពមិនប្រក្រតីណាមួយកើតឡើង។ លោកបន្ថែមថា ដោយឡែកបុរសជាឪពុកដែល ឆ្លង ជំងឺផ្តាសាយបក្សី H5N1 កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ មានស្ថានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីមានការមើលថែទាំ យ៉ាង យកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

លោកបញ្ជាក់ថា៖«អ្នកជំងឺ H5N1 ដែលកំពុងសម្រាកព្យាបាលក្នុង មន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈនេះ គាត់មានសុខភាពធម្មតាវិញហើយ។
លោកឱ្យដឹងទៀតថា ករណីជំងឺផ្តាសាយបក្សី H5N1 ដែលកើតឡើង នៅភូមិរលាំង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយគិតត្រឹមថ្ងៃ ទី២៦ ខែកុម្ភៈ ពុំទាន់ឆ្លងរាលដាលដល់ភូមិផ្សេងទៀតនោះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ឌឌីន មាន ប្រសាសន៍ ថា ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារក្រសួងសុខាភិបាល កំពុងធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរខេត្តព្រៃវែង ក៏ដូចជាមន្ទីរសុខាភិបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តីជំនាញខាង ពេទ្យសត្វ ក្នុងការធ្វើការអង្កេត ស្រាវជ្រាវ ស្វែងរកអ្នកប៉ះពាល់ ជាបន្តបន្ទាប់។ លោកស្រីបន្តថា៖«ព្រោះជាបឋមយើងស្វែងរកអ្នកប៉ះពាល់កុមារីដែលបានបាត់បង់ជីវិត ហើយរកឃើញឪពុករបស់កុមារីមានផ្ទុកវីរុស H5N1 ចឹងយើងត្រូវបន្តស្វែងរកអ្នកប៉ះពាល់ជាមួយបុរសអាយុ ៤៩ឆ្នាំនេះជាបន្តបន្ទាប់ ហើយក្រសួងសុខាភិបាលនឹងជូនព័ត៌មាន ជាបន្តបន្ទាប់បើសិនជាមានការវិវត្តន៍ផ្សេងទៀត។

លោកជំទាវ ឱ វណ្ឌឌីន បន្ថែមទៀតថា ក្នុងនោះមន្រ្តីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធក៏បានធ្វើការអប់រំសុខភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅទីកន្លែងកើតហេតុឱ្យមានការប្រុងប្រយ័ត្ន និងត្រូវ រាយការណ៍ទៅកាន់អាជ្ញាធរក្នុងករណីមានការសង្ស័យអ្វីមួយ។ ឆ្លៀតឱកាសនេះដែរ លោកស្រី រំឮកសាថ្មីម្តងទៀតថា៖«សូមឱ្យ បង ប្អូនមានការប្រយ័ត្នប្រយែងជាពិសេសត្រូវចៀសវាងការប៉ះពាល់ជាមួយនឹងបសុបក្សី ហើយបើសិនចៀសមិនរួច ឧទាហរណ៍អ្នកធ្វើមាន់ លក់ ត្រូវចេះការពារខ្លួនដោយមានស្រោមដៃ សម្អាតដៃ ព្រោះការ លាងសម្អាតដៃឱ្យបានញឹកញាប់នៅតែជាចំនុចសំខាន់សម្រាប់ការជួយការពារខ្លួនពីការឆ្លងជំងឺនេះ»។

សូមជម្រាបថា កុមារីម្នាក់ អាយុ ១១ ឆ្នាំ ៦ខែ បានទទួលមរណភាព ដោយសារជំងឺផ្តាសាយបក្សី H5N1 កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានទីតាំងនៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង៕
ដោយៈសុខ រក្សា

ads banner